(ព្រះវិហារ)៖ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ បានថ្លែងណែនាំដល់ប្រជាពលរដ្ឋចំនួន៦៦គ្រួសារ ដែលធ្វើចំណាកស្រុកមកពីខេត្តកំពង់ធំ មកប្រមូលផ្តុំបោះទីតាំង រស់នៅបែបអនាធិបតេយ្យលើតំបន់ហាមឃាត់ទំនប់អាងទឹករក្សា ត្រូវធ្វើការរុះរើចេញ និងបញ្ឈប់ការរស់នៅបែបអនាធិបតេយ្យតទៅទៀត។

ការថ្លែងណែនាំរបស់លោកអភិបាលក្រុងព្រះវិហារ ក្នុងឱកាសដែលលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយស្តីពីផលប៉ះពាល់ផលនេសាទ ដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក មកពីខេត្តកំពង់ធំ ចំនួន៦៦គ្រួសារ ស្មើនឹង១២៩នាក់ ដែលបានមកបោះទីតាំង ប្រមូលផ្តុំគ្នារស់នៅ ក្នុងតំបន់ហាមឃាត់ទំនប់អាងទឹករក្សា ស្ថិតនៅចំនុចអូបាក ភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក ប៉ុក ងួន បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំង៦៦គ្រួសារ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបញ្ឈប់ការរស់នៅក្នុងតំបន់ហាមឃាត់ទំនប់អាងទឹករក្សានេះជាបន្ទាន់ ហើយសូមបងប្អូនត្រឡប់ទៅរស់នៅក្នុងមូលដ្ឋានរបស់បងប្អូនវិញ។

លោកបញ្ជាក់ថា ទីនេះជាតំបន់ហាមឃាត់ និងមានទឹកជំនន់ក្នុងរដូវវស្សាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ លើសពីនេះទៅទៀត រដូវនេះគឺជារដូវហាមឃាត់ការនេសាទ ព្រោះជារដូវត្រីពង ដែលអាចធ្វើ ឲ្យប៉ះពាល់ដល់ការបន្តពូជរបស់ត្រី ហើយការអភិរក្ស និងថែរក្សានូវទំនប់អាងទឹករក្សានេះ គឺមិនមែនសម្រាប់បុគ្គលណាម្នាក់នោះទេ តែគឺសម្រាប់យើងទាំងអស់គ្នា អាស្រ័យហេតុនេះ ហើយទើបរដ្ឋបាលខេត្តព្រះវិហារ បានខិតខំការពារ និងថែរក្សា ដើម្បីទុកជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម និងជាដែនជម្រកត្រី និងជីវះចម្រុះគ្រប់ប្រភេទ។

លោកអភិបាលក្រុងព្រះវិហារ ក៏បានថ្លែងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុកមកកាន់ទីនេះ សូមបន្តចូលរួមផ្សព្វផ្សាយ ឲ្យបានទៅដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ដើម្បីឲ្យពួកគាត់បានយល់ដឹង និងបញ្ឈប់ការចូលទៅរស់នៅដោយខុសច្បាប់បែបអាណាធិបតេយ្យ តាមតំបន់ហាមឃាត់ទំនប់អាងទឹករក្សាជាបន្តទៀត ហើយសូមកុំអោយជឿតាមពាក្យញុះញង់ របស់ជនខិលខូចមួយចំនួន។

ជាមួយគ្នានោះដែរ លោក ប៉ុក ងួន ក៏បានដាក់ឱសានវាទដល់បងប្អូនដែល មករស់នៅខុសច្បាប់ត្រូវធ្វើការរុសរើចេញ ឲ្យផុតពីតំបន់ខាងលើនេះ ត្រឹមថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត បើពុំនោះទេអាជ្ញាធរនិងមានវិធានការក្តៅជាបន្តទៀត។

ដោយឡែកលោក ពឹង ទ្រីដា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក៏បានថ្លែងធ្វើការផ្សព្វផ្សាយ និងពន្យល់ពីច្បាប់ទាក់ទងទៅនឹងការនេសាទ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា ព្រមទាំងបញ្ឈប់រាល់ការនេសាទ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឲ្យវិនាស និងបាត់បង់នូវមច្ឆាជាតិរបស់យើង៕