(កំពង់ស្ពឺ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវដាក់ឲ្យសម្ពោធនៅថ្ងៃនេះ រួមមាន សាលាបុណ្យ ក្លោងទ្វារ បន្ទប់ទឹក ជួសជុលដំបូលព្រះវិហារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណវត្ត ដែលបានចំណាយថវិកាសរុបប្រមាណ៥០ម៉ឺនដុល្លារ។

សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនក្នុង និងក្រៅប្រទេសដែលបានគៀរគរថវិកាដើម្បីកសាងសំណង់បូជនីយដ្ឋានទុកជាទីសក្ការៈ និងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់វិស័យព្រះពុទ្ធសាសនាក្នុងខេត្ត។

មានមតិសំណេះសំណាលក្នុងពិធីនោះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរ ជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយលោកតា អ៊ុំពូមីង បងប្អូន នូវសមិទ្ធផលថ្មីដែលជាការរួបរួមសាមគ្គីពីប្រជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសបានកសាងទុកជាឧត្តមប្រយោជន៍សម្រាប់ការប្រណិបតន៍ព្រះពុទ្ធសាសនាក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលលោកធ្លាប់បានមកធ្វើការក្នុងនាមជាក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ជាពិសេសការទទួលបានការស្វាគមន៍ ញញឹមរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងស្និទស្នាលបំផុតពីសំណាក់ក្រុមការងារមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តដែលបានចាត់ទុកលោកជាកូនក្មួយ និងប្អូន។

លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ និយាយដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺរបស់យើង សន្តិភាពបានប្រែមុខមាត់ខេត្តពីតំបន់ជម្លោះប្រដាប់អាវុធ មកជាតំបន់ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។

ជាចុងក្រោយ លោកបានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានរួបរួមគ្នាជាធ្លុងមួយ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងហេដ្ឋរចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។

សូមបញ្ជាក់ថា វត្តសុខារាម ត្រូវបានកសាងឡើងលើកដំបូងក្នុងទសវត្សរ៍ទី៦០ និងត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត ប្រទាននាមថា វត្តសុខារាម។ ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម វត្តត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ដោយសារការរួបរួមសាមគ្គីពីព្រះគ្រូចៅអធិការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាងវត្តជាបន្តបន្ទាប់ រហូតមានហេដ្ឋរចនាសម្ព័ន្ធ សំណង់បូជនីយដ្ឋាននានាបានកើតឡើងជាច្រើនប្រកបដោយសោភ័ណភាពល្អប្រពៃ៕