(កំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ងួន រតន: អភិបាលខេត្តកំពង់ធំ និងលោកស្រី, អ្នកឧកញ៉ា ទ្រី ភាព និងជំទាវឧកញ៉ា, លោក ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការងាររាជដ្ឋាភិបាល និងក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពរដ្ឋយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កត្តាសុខសន្តិភាព ក៏បានក្លាយជាកត្តាជំរុញនូវល្បឿននៃការអភិវឌ្ឍនផងដែរ តាមការយៈនៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។

សម្តេច ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចេះរួមសាមគ្គីគ្នា ថែរក្សា និងអភិរក្សប្រាសាទបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ និងទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់ កូនចៅជំនាន់ក្រោយៗទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក សូមតាមជួយបីបាច់ថែរក្សា និងប្រទាន ពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សូមឲ្យប្រទេសជាតិ រួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួលបានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ។

គួររំលឹកផងដែរថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើង ចាប់ពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័ត បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kraków ប្រទេសប៉ូឡូញ ហើយជាសម្បត្តិបេតិកភណ្ឌរូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)៕