(ភ្នំពេញ)៖ ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) និងក្រុមហ៊ុន កូជីម៉ា  ហូលឌីង(KOJIMA Holdings) និងក្រុមហ៊ុន យូ អ លីងខេក (UR Linkage) បានចាប់ដៃគ្នាអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទំនើបបែបជប៉ុន ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY)។ គម្រោងនេះ ត្រូវបានចាត់ទុកជាគម្រោងលើកដំបូងនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃការអភិវឌ្ឍគម្រោងនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការចូលរួមពីលោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង, លោក KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន កូជីម៉ា ហូលឌីង, លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន យូ អ លីងខេក និងគណៈគ្រប់គ្រងក្រុមហ៊ុនញាតិសម្ព័ន្ធរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង លោកអភិបាល និងមន្រ្តីសាលាខណ្ឌមានជ័យ និងបណ្ដាក្រុមហ៊ុនជាដៃគូអាជីវកម្មជាច្រើនទៀត។

តាមផែនការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើបបែបជប៉ុនលើកទី១នៅកម្ពុជានេះ នឹងត្រូវធ្វើការសិក្សាប្លង់រចនាលម្អិត និងកិច្ចការពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនទាំងបី ពិចារណា និងសម្រេចចិត្តលើការអភិវឌ្ឍ ប្រតិបត្តិការ និងដំណើរការលក់ជូនអតិថិជន ដោយគ្រោងនឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំ២០២៤នេះ និងឈានទៅដំណាក់កាលសាងសង់ និងលក់នៅដើមឆ្នាំ២០២៥ខាងមុខ។ គម្រោងនេះនឹងក្លាយជាគម្រោងធំទី២ របស់ជប៉ុននៅក្នុងទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី  (ING City) បន្ទាប់ពីផ្សារទំនើបអុីអន មានជ័យម៉ល (AEON3)។

លោក មាន ចាន់យ៉ាដា បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុនវិនិយោគជប៉ុនទាំង២ ដែលបានសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង លើការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត ក្នុងភូមិសាស្ត្រទីក្រុងរណបបឹងទំពុន និងជើងឯក ដែលជាទីក្រុងរណបថ្មី (អ៉ឹង ស៊ីធី) ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលបានផ្តួចផ្តើមឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ដែលកាលពីមុនជាតំបន់វាលទំនាប និងលិចទឹកនារដូវវស្សា ហើយក្រុមហ៊ុនក៏បានសិក្សា ប្លង់មេ (Master Plan) នៃគម្រោង ដែលជាត្រីវិស័យបម្រើឱ្យ ការរៀបចំនគរូបនីយកម្មក្នុងតំបន់ សំដៅប្រែក្លាយជាទីក្រុងរណបដ៏ប្រណីតពណ៌បៃតង។ លើសពីនេះ ក្រុមហ៊ុនបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ និងផ្ទៃដីកម្មសិទ្ធិមួយចំនួន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារ ណៈ រួមមាន មហាវិថីចំនួន០៣ខ្សែ  (មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីអ្ន កឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាវិថី ឈុន គង់ ព្រមទាំងផ្លូវមេ-ផ្លូវរណបនានា និង ហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត ហើយក្រុមហ៊ុនក៏បានបោះទុនវិនិយោគ ដោយសហការជាមួយក្រុមហ៊ុន វិស័យឯកជនទាំងក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍ វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងតំបន់ផងដែរ។

លោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នាលើកដំបូងរវាងក្រុមហ៊ុនជប៉ុន ជាមួយក្រុមហ៊ុន ក្រុមហ៊ុន អាយអិនជី ហូលឌីង ដោយបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។ តាមរយៈគម្រោងនេះ នឹងនាំមនូវបទពិសោធន៍នៃការរស់នៅ និងបច្ចេកវិទ្យារបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុន នឹងចាត់ចែងទាំងការរចនា ការសាងសង់ និងការគ្រប់គ្រងគម្រោង អភិវឌ្ឍន៍ផ្ទះបែបជប៉ុនសុទ្ធសាធដំបូងគេនៅកម្ពុជា។

លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង បានគូសបញ្ជាក់ថា ក្រុមហ៊ុនពិតជារីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងបី ជាការឆ្លុះបញ្ចាំងនូវការបោះជំហានមួយថ្មីបន្ថែមទៀត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណបដ៏មានសក្តានុពលនេះ ដែលនឹងកាន់តែជួយបង្កើនលើកមុខមាត់ទីក្រុងរណប អុឹង ស៊ីធី ក៏ដូចជាជម្រុញការចាប់អារម្មណ៍ពីបណ្តាវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនថែមទៀតចូលមកកាន់ទីក្រុងរណប អុឹង ស៊ីធី ដើម្បីប្រែក្លាយជាទីក្រុងរណបបៃតងប្រណិត និងវៃឆ្លាតធំដំបូងទី១ ពោរពេញដោយភាពទំនើបស៊ីវិល័យ ដូចទីក្រុងធំៗនៅបណ្តាប្រទេសជឿនលឿនផងដែរ។

លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន UR Linkage បានបង្ហាញអំពីគោល បំណង ឆ្ពោះទៅ មុខ បន្តក្នុងការ ពង្រីក អាជីវកម្ម នៅកម្ពុជា ដើម្បី គាំទ្រនិង ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា។ ពេលនេះក្រុមហ៊ុនកំពុងបោះ ជំហានឆ្ពោះទៅរកលទ្ធភាពថ្មីរួមជាមួយក្រុមហ៊ុន ING Holdings និងក្រុមហ៊ុន Kojima Holdings។ ហើយក្រុមហ៊ុន UR Linkage មានជំនឿចិត្តថាភាពជាដៃគូថ្មីនេះនឹងក្លាយជាផ្លូវឆ្ពោះទៅរកភាពជោគជ័យសម្រាប់ទាំងអស់គ្នា។តាមប្រសាសន៍របស់លោក KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន កូជីម៉ា ហូលឌីង បានឲ្យដឹងថា ក្រុមហ៊ុនកូជីម៉ា ហូលឌីង គឺជាក្រុមហ៊ុនធំមួយ មានប្រវត្តិអាជីវកម្មប្រមាណ១៣០ឆ្នាំ មានស្នាដៃជាច្រើនលើវិស័យអចលនទ្រព្យ សំណង់ទូទៅ ការគ្រប់គ្រងសណ្ឋាគារ អគារស្នាក់នៅរួម និងមណ្ឌលថែទាំមនុស្សចាស់ជាដើម ទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស៕