(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បង្ហាញលេខ​ទូរស័ព្ទ​៣ខ្សែ ដើម្បីពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន លោក ស្រី ឡេង ចាន់ណា ទាក់ទង និងដើម្បីទទួលបានកិច្ច​គាំ​ពារសិទ្ធិ និងផលប្រយោជន៍តាមផ្លូវច្បាប់។

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សិទ្ធិប្រទានជូនលោក គី តិច ដឹកនាំមេធាវីរាជរដ្ឋាភិបាល ការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នករងគ្រោះដោយក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា។

បន្ទាប់ពីទទួលបានសិទ្ធិប្រទាននេះ លោក គី តិច និងសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល បានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និង​ការពារសិទ្ធិជូន ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក ( BRILLIANT CITY WORLD CO.,LTD. ) ។

ភ្លាមៗនោះលោក គី តិច ក៏បានប្រកាសផ្តល់លេខទូរស័ព្ទ៣ខ្សែ ដើម្បីឱ្យជនរងគ្រោះទាក់ទងផ្តល់ព័ត៌មាន ។ លេខ៣ខ្សែនេះ រួមមាន៖ ០១៧ ៩៩១ ១១៥, ០១២ ៥១៨ ៩៩៩, ០១០ ៤៤៧ ៣០០។

បើតាមការបញ្ជាក់របស់លោក គី តិច ក្រោយពេលប្រកាសលេខទូរស័ព្ទត្រឹមរយៈពេល៣ថ្ងៃ ទទួលបានអ្នកតំណាងពលរដ្ឋគ្រោះប្រមាណ១,៥០០នាក់ហើយ ។

ក្នុងនោះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋទាក់ទងមកក្រុមការងារមានចំនួន៣១នាក់ និងដែលបានអះអាងថា ជាតំណាងប្រជាពលរដ្ឋរងគ្រោះប្រមាណ១៤០០នាក់

ថ្ងៃទី១៧ ខែឧសភា ប្រជាពលរដ្ឋទាក់ទងមកក្រុមការងារមានចំនួន១៩នាក់ និងដែលបានអះអាងថា តំណាងប្រជាពលរដ្ឋរងគ្រោះប្រមាណ១០០ នាក់។

ថ្ងៃទី១៨ ខែឧសភា ប្រជាពលរដ្ឋទាក់ទងមកក្រុមការងារមានចំនួន៥នាក់ ដែលបានអៈអាងថាជាជនរងគ្រោះក្នុងករណី ដូចគ្នានេះដែរ ។

ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចមិនបាននៅស្ងៀមក្នុងសំណុំរឿងឆបោកនេះឡើយ ហើយកំពុងចាត់ការទៅតាមច្បាប់ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលរងគ្រោះ។ ក្នុងនោះរាជរដ្ឋាភិបាល បន្តតាមស្វែងរកមុខជនពាក់ព័ន្ធនឹងឆបោកនេះ ដើម្បីចាត់ការទៅច្បាប់ផងដែរ។

សូមបញ្ជាក់ថា សំណុំរឿងឆបោកប្រាក់រាប់រយលានដុល្លារនេះ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន អ្នកស្រី ឡេង ចាន់ណា និងអ្នកពាក់ព័ន្ធសរុបចំនួន៨នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤៕