(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ មានបុរសជនជាតិចិនម្នាក់ លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ អន្តរជាតិ ឡានប៉រ៉ាន់ ជាន់ទី៥ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ ក្នុងខណ្ឌពោធិ៍សែនជ័យ។

តាមរបាយការណ៍ របស់កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ជនរងគ្រោះ (សព) ឈ្មោះFENG YUYI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3004947។

បច្ចុប្បន្ន សពរងចាំសមត្ថកិច្ច នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពី៣ទៅ៤ថ្ងៃមុន ជនរងគ្រោះបានចូលទៅស្នាក់នៅក្នុង «សណ្ឋាគារអន្តរជាតិ ឡានប៉វ៉ាន » នោះម្ដងរួចមកហើយរួចក៏ចេញទៅវិញបាត់។ លុះពេលចុងក្រោយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានចូលទៅស្នាក់នៅទីនោះម្ដងទៀត ដោយមានស្នាមរបួសរយះ ក ថែមទៀតផង ។

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈចូលទៅស្នាក់នៅ នោះគ្មានលុយជាប់ខ្លួនសូម្បីតែ១រៀលឡើយ ហើយជនរងគ្រោះរូបនេះ ក៏បានបញ្ចាំលិខិតឆ្លងដែន នៅអ្នកគ្រប់គ្រងសណ្ឋាគារនោះ ជាថ្នូរ និងការស្នាក់ផងដែរ។ រហូតមកដល់វេលាល្ងាចថ្ងៃកើតហេតុ ក៏ស្រាប់តែឡើងទៅលើជាន់ទី៥នៃសណ្ឋាគារ រួចក៏ធ្វើអត្តឃាតលោតសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់តែម្ដង។

ប្រភពពីសមត្ថកិច្ច បច្ចេកទេស បានឲ្យដឹងថា ជនរងគ្រោះបានធ្លាប់ប៉ុនប៉ង ធ្វើអត្តឃាតខ្លួនឯងម្តងរួចមកហើយ នៅសណ្ឋាគារមួយ ក្នុងខណ្ឌបឹងកេងកង ដោយអាករ និងចាក់ខ្លួនឯង តែមិនទាន់ស្លាប់ ក៏សមត្ថកិច្ចជួយសង្គ្រោះជីវិតបញ្ចូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាបទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះ រួចរាយការណ៍ទៅនគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះធ្វើ​កោសល្យវិច័យ​៕