(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក​សន្និ​សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។

សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីតនេះ នៅថ្ងៃទី២២ ខែឧសភា។

សន្និសីទនេះនឹងបង្ហាញអំពីតួនាទីនៃការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ និងការថែទាំសុខ​ភាព​ផ្លូវចិត្ត និងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើប្រល័យពូជ​សាសន៍។ ការអប់រំអំពីការប្រព្រឹត្តឧក្រិដ្ឋ កម្មឃោរឃៅ គឺមានសារសំខាន់ណាស់​ក្នុងការធានាថាបុគ្គល និងសង្គមយល់ដឹងអំពីអតីតកាលរបស់ខ្លួន។

ចំណេះដឹង រួមជាមួយការយល់ដឹងអំពីផលប៉ះពាល់ ដែលកំពុងបន្តដោយឧក្រិដ្ឋកម្ម​ទាំង​នេះ គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបណ្ដុះគំនិត និងការយកចិត្តទុកដាក់​ដ៏ចាំ​បាច់​ដើម្បីទប់ស្កាត់កាលៈទេសៈ នានាដែលអាចបង្កឱ្យមានគ្រោះថ្នាក់នាពេល​អនា​គត។ ការអប់រំប្រកបដោយជោគជ័យអំពីឧក្រិដ្ឋកម្មឃោរ ឃៅទាមទារឱ្យមានការប្ដេជ្ញា​ចិត្ត​យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិល។

សន្និសីទមានគោលបំណងបង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្តុំអ្នក​ជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេស​ក្រោយ​ជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រតិដ្ឋ និងការអនុវត្តល្អបំផុតដើម្បីធ្វើ​ការ​រួម​គ្នា​ក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជា និងសកលលោក។

ចំពោះគោលនយោបាយ ការពារនិងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឃោរឃៅវិញនោះ សន្និ​សីទមានគោលបំណងបង្កើតជាយុទ្ធនាការនានា ក្នុងការធានាថា រដ្ឋាភិបាលជុំវិញពិភពលោក នឹងដាក់បញ្ចូលការ អប់រំអំពីឧក្រិដ្ឋកម្មឃោរ​ឃៅ​ទៅក្នុងកម្មវិធីសិក្សាផ្លូវការ​ថ្នាក់ជាតិ​កម្រិតវិទ្យាល័យរបស់ខ្លួន។

អ្នកចូលរួម នឹងពិភាក្សាអំពីវិធីសាស្ត្រ​សហការ​រួមគ្នា ឈានទៅសម្រេចបានការប្តេជ្ញា​ចិត្ត​ពី​សំណាក់កងកម្លាំងយោធាជុំវិញពិភព​លោក ក្នុងការដាក់បញ្ចូលការអប់រំអំពី​ឧក្រិដ្ឋ​កម្មឃោរឃៅជាសមាសភាពស្នូល ក្នុងការអប់រំវិជ្ជាជីវៈយោធា ដល់មន្ត្រីយោធា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា។

ចំណុចសំខាន់បំផុតនោះ គឺសន្និសីទនឹងស្វះស្វែងបង្កើតជាយុទ្ធសាស្ត្រ ដើម្បីបញ្ចូល​ការ​អប់រំ​អំពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិតាម​រយៈ​ការជំរុញឱ្យប្រទេសផ្តល់ជំនួយធ្វើការដាក់លក្ខខណ្ឌទៅលើប្រទេសទទួលជំនួយ ឱ្យធ្វើ ការអភិវឌ្ឍកម្មវិធីសិក្សាអប់រំឧក្រិដ្ឋកម្មឃោរឃៅមួយដែលអាចជឿទុកចិត្តបាន នៅក្នុង​ប្រព័ន្ធ​សិក្សាអប់រំរបស់ខ្លួន។

ក្នុងសន្និសីទរយៈពេល៣ថ្ងៃនេះ នឹងមានកិច្ចពិភាក្សារពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ៗមួយចំនួនមានដូចជា អំពើប្រល័យពូជសាសន៍ យុត្តិធម៌ យុវជន និងការអប់រំ សុខភាព។ ជាមួយគ្នានេះ ក៏មានដំណើរទស្សនកិច្ចដើម្បីសិក្សារៀនសូត្រអំពីសុខភាព សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរកាល៕