(ភ្នំពេញ)៖ ២០ ឧសភា ជា «ទិវាជាតិនៃការចងចាំ», ជាថ្ងៃបុណ្យជាតិដើម្បីរំឭកដល់ជនរងគ្រោះ និងបង្ហាញពីការឈឺចាប់ដែលបង្កឡើងដោយឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលប្រជាពលរដ្ឋខ្មែរចងចាំ មិនអាចបំភ្លេចបានឡើយ ទោះបីជារបប ដ៏សាហាវយង់ឃ្នងនេះត្រូវបានវាយផ្តួលរំលំអស់រយៈពេលជាង ៤៥ ឆ្នាំមកហើយក៏ដោយ។ ដឹកនាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង ២ លាននាក់ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ សង្គមស្ទើរគ្មានសល់។

កម្ពុជាដែលបានហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របស់ក្រុមសេនាប្រមុខ លន់ នល់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងរងគ្រោះដោយមហាឧក្រិដ្ឋកម្ម និងវិនាសសកម្មនៃរបបខ្មែរក្រហម ប៉ុល ពត និងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស ក្រោយប្រជាជនកម្ពុជាពុះពារខិតខំរើបម្រះសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បានឈានដល់របត់ថ្មីនៃសុខសន្តិភាព។ សន្តិភាពដែលរហូតមកដល់ពេលនេះមានអាយុជាង ២៥ ឆ្នាំហើយ ក្រោយពេលអង្គការចាត់តាំងនយោបាយនិងយោធានៃរបបនេះត្រូវបានរំលាយចោលក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ហើយពលរដ្ឋខ្មែរបាននិងកំពុងបេះផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះយ៉ាងសុខសាន្ត និងសុខដុមនីយកម្ម។

យុត្តិធម៌និងការពិតនៃឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម ត្រូវបានផ្តល់ជូនជនរងគ្រោះនិងមនុស្សជាតិតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។ សាលាក្តីខ្មែរក្រហមជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គាំទ្រដោយសហគមន៍អន្តរជាតិ មានដែនយុត្តាធិការជំនុំជម្រះក្តីលើ លើឧក្រិដ្ឋកម្មនិងអំពើអមនុស្សធម៌ផ្សេងៗដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរ ក្រហមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ សាលាក្តីខ្មែរក្រហមបង្កើតឡើងក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង បញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ ការពិតជូនដល់ជនរងគ្រោះ។

សាលាក្តីខ្មែរក្រហមនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបេសកកម្មដ៏វែងឆ្ងាយក្នុងរយៈពេល ៤៥ ឆ្នាំមកនេះ ចាប់តាំងពីការចេញតស៊ូនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលតាមនយោបាយឈ្នះឈ្នះ នាំយកសុខសន្តិភាពពេញលេញនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការនាំយកនូវយុត្តិធម៌និងការពិតជូនជនរងគ្រោះនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង់។ ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាចងចាំថា ជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះពីរណ្តៅមរណៈរបស់ខ្មែរក្រហម ដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលយកជីវិតធ្វើជាដើមទុន ហើយចងចាំថា របបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុងទាំងផ្នែកយោធានយោបាយដោយនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមនាំយកសន្តិភាពពេញលេញ និងនាំយកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

អតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់នៃឧក្រិដ្ឋកម្មធ្ងន់ធ្ងររួមមាន៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជានិងជាប្រធានសភាតំណាងប្រជាជន, ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ, អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស, អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច និងឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (គុកទួលស្លែង) ត្រូវបានជំនុំជម្រះក្ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម។ នួន ជា, ខៀវ សំផន, ឌុច ត្រូវបានរកឃើញមានពិរុទ្ធភាពនិងត្រូវបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មដែលបានចោទប្រកាន់។ ខៀវ សំផន ដែលបច្ចុប្បន្នអាយុ ៩១ ឆ្នាំ បាននិងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ២ ជីវិតក្នុងពេលតែមួយក្នុងពន្ធនាគារខេត្តកណ្តាលចំពោះឧក្រិដ្ឋកម្មដែលបានចោទប្រកាន់គឺឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជានជាតិចាមនិងជនជាតិវៀតណាម។

ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះនិងអំពើឧក្រិដ្ឋកម្មទាំងឡាយប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមត្រូវបានរំឭកនិងចងចាំជានិច្ច, កិត្តិយស និងសេចក្តថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តារឡើងវិញ, ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរ បបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។

យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការទាំងឡាយរបស់សាលាក្តីខ្មែរក្រហម ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការនិងបន្តគាំទ្រទាំងផ្នែកថវិកានិងសម្ភារដល់ អ.វ.ត.ក. ដែលបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីប្រកបទៅដោយភាពរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង។ នាពេលអនាគត នៅក្នុងសៀវភៅប្រវត្តិសាស្រ្ត ប្រជាជនកម្ពុជានឹងចងចាំថា របបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងផ្នែកយោធា នយោបាយនិងយុត្តិធម៌ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។

ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការនីតិវិធីច្បាប់ និងអាណត្តិនៃការអនុវត្តមុខងារសេសសល់ក្នុងរយៈពេល ៣ ឆ្នាំរបស់សាលាក្តីខ្មែរក្រហមនាពេលដ៏ខ្លីខាងមុខ, កម្ពុជានឹងពិតជាកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្រ្គាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ជៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលនឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប «សន្តិភាពតាមរយៈ យុត្តិធម៌ និងយុត្តិធម៌ តាមរយៈសន្តិភាព»។ កេរដំណែលរបស់អ.វ.ត.ក. គឺត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ឱ្យសម្រាប់មនុស្សជំនាន់ក្រោយ សម្រាប់ធ្វើការស្វែងយល់ ចងចាំនិងទប់ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៍បែបនេះកើតឡើងជាថ្មីម្តងទៀត តាមរយៈការងារអប់រំផ្សព្វផ្សាយទូលំទូលាយដល់យុវជនជំនាន់ក្រោយ។ អ.វ.ត.ក. បានរួមចំណែកដល់ការរក្សាបាននៃសុខសន្តិភាពនិងការផ្សះផ្សាជាតិនៅតាមមូលដ្ឋាននិង បានជួយពង្រឹងដល់នីតិរដ្ឋនិងបញ្ចប់និទណ្ឌភាពនៅកម្ពុជា។

ទោះ ៤៥ ឆ្នាំបានកន្លងផុតទៅ យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរចងចាំជានិច្ចនូវប្រវត្តិសាស្ត្រដ៏ជូរចត់នៃអតីតកាលរបស់កម្ពុជា អំពើទារូណកម្មនិងសោកនាដកម្មដែលបានកើតឡើង និងសូមប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដើម្បីថែរក្សា និងការពារសុខសន្តិភាពនិងការអភិវឌ្ឍដែលថ្នាក់ដឹកនាំជំនាន់មុនរកបានដោយពិបាក
នេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដោយមិនអនុញ្ញាតឱ្យក្រុមជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាពនេះបានឡើយ ទោះបីស្ដិតក្នុងតម្លៃណាក៏ដោយ៕​

ដោយ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា