(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  និងលើកផែនការឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដាច់ដោយឡែកនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនទាំង០២ឃុំ សរុបចំនួន២៥៥នាក់។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង  បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។ លោកប្រធានបានមានប្រសាសន៍ជម្រាប់ជូនថា គណបក្សប្រជាជនកម្ពុជាបានធ្វើកិច្ចការជាច្រើនសម្រេចនូវស្នាដៃជាប្រវត្តិសាស្រ្ត គឺបានសង្គ្រោះជីវិតប្រទេសជាតិ និងប្រជាជនអោយរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់ នៃរបបដ៏ឃោរឃៅនេះ និងបានធ្វើជាស្នូលនៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរុំារ៉ៃ បង្កើតបានសុខសន្តិភាពពេញលេញ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស  ការគោរពសិទ្ធិមនុស្ស និងសម្រេចការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងការបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោតឃុំ សង្កាត់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។

លោកប្រធានបានបន្តមានប្រសាសន៍លើកឡើងអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្គួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគម្រោងមួយដ៏អស្ចារ្យដែលមានតម្លែជាប្រវត្តិសាស្ត្រ នឹងបានផ្តល់នូវផលប្រយោជន៍សំខាន់ចំនួន៤ នៃព្រែកជីហ្វូណនតេជោ ៖ ប្រយោជន៍ទី១ ផ្នែកសេដ្ឋកិច្ចនៃវិស័យដឹកជញ្ជូន ប្រយោជន៍ទី២  មានប្រព័ន្ធស្រោចស្រពនៃទិសនិរតីនៃកម្ពុជា ជំនួសដោយការខ្វះទឹក ប្រយោជន៍ទី៣ រំដោះទឹកជំនន់នៅទិសនិរតីនៃកម្ពុជា និងប្រយោជន៍ទី៤   វារីវប្បកម្មកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានអំពាវនាវដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ សូមអនុវត្តទៅតាមប្រសាសន៍ផ្តាំផ្ញើររបស់សម្តេចប្រធានគណបក្ស គឺគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានរបស់គ.ជ.ប ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។ 

ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនអោយបានល្អប្រសើរ ព្រមទាំងពិនិត្យឯកសារបោះឆ្នោតអោយបានគ្រប់គ្រាន់  អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕