(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ឈរលើមូលដ្ឋាននៃយុត្តិធម៌ សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ចអំពី ឫសគល់នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឲ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត។

ការមានប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើក​សន្និ​សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព» នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។ ពិធីនេះ ធ្វើឡើងនៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើការរួមបញ្ចូលគ្នា នៃកត្តាផ្សំផ្សេងៗដ៏ស្មុគ្រស្មាញ ដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល អស់រយៈពេលបីទសវត្សរ៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឈរលើមូលដ្ឋាននៃយុត្តិធម៌ សង្គមទាំងមូលត្រូវតែបន្តកើនរំលឹកជានិច្ច អំពីឫសគល់ នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឲ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត។ ត្រង់ចំណុចនេះ ខ្ញុំចង់សង្កត់ធ្ងន់លើការរួមបញ្ចូលគ្នា នៃកត្តាផ្សំផ្សេងៗដ៏ស្មុគ្រស្មាញ ដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលអស់រយៈពេលបីទសវត្សរ៍»

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅពេលដែលកម្ពុជាបាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា និងមិនមានឯកភាពក្នុងជួរកងទ័ពជាតិ, កម្ពុជាអាចទទួលរងការជ្រៀតជ្រែកពីបរទេស ហើយទីបំផុតកម្ពុជាអាចបាត់បង់នូវភាពជាម្ចាស់ និងម្ចាស់ការក្នុងការគ្រប់គ្រងលើជោគវាសនាជាតិរបស់ខ្លួន។

បើតាមប្រសាសន៍របស់សម្ដេចធិបតី, ភាពឈឺចាប់របស់ប្រជាជនកម្ពុជា ដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនឹងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេស ដែលស្ដែងឡើងតាមរយៈ «គម្លាត មាន-ក្រ» បានបង្កឲ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឲ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយម នៃរបប ប៉ុល ពត។

សម្ដេចបន្ដថា សង្គមរបស់យើងត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថា យើងនឹងមិនដើរលើផ្លូវដដែលនោះទេ។ លើសពីនេះ យើងត្រូវតែកែសម្រួល ឬសម្របស្ថានភាពសង្គមរបស់យើង, នៅពេលណាដែលចាំបាច់ ដើម្បីការពារកុំឲ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឫស។ យើងមិនអាចអនុញ្ញាតឲ្យសមាសធាតុណាមួយ នៃសង្គមបណ្តុះពន្លក នៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ, ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ, ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កំហុសអតីតកាល បានប្រាប់យើងឲ្យចេះបង្រួបបង្រួមជាតិខ្មែរ ឲ្យបានរឹងមាំ និងជំរុញឲ្យយើងកសាងសង្គមឲ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ៕