(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកស្រី សេង  វ័ន្ទសាយ រដ្ឋលេខាធិការតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ស្ថិតនៅក្នុងបរិវេណវត្តទួលភ្លង នៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីដ៏ក្រៀមក្រំនេះ លោកស្រី បានសំដែងការសោកស្ដាយ និងក្តុកក្តួលឥតឧបមានូវទិវាដែលមិនអាចបំភ្លេចបាន ដែលបានឆ្លងកាត់ក្រោមរបបអាវខ្មៅយង់ឃ្នងរបស់បន ប៉ុល ពត ដែលបានធ្វើមកលើប្រជាពលរដ្ឋខ្លួនឯង ដោយអមនុស្សធម៌ និងទារុណកម្មគ្រប់បែបយ៉ាងលើសពីការពណ៌នា ដែលបានលុបបំបាត់ចោលទាំងស្រុងនូវសាសនា ប្រើអំពើ ហិង្សាលើកុមារ ការសម្លាប់រង្គាល ការរំលោភបំពានលើរាងកាយស្ត្រី ការធ្វើទារុណកម្មដ៏ឃោរឃៅ ដល់ពលរដ្ឋស្លូតត្រង់ និងកុមារ ការបង្អត់អាហារ ការបង្ខំឲ្យមនុស្សធ្វើការហួសពីកម្លាំង និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ល។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់បន្ថែមថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ហើយទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រី សេង  វ័ន្ទសាយ ក៏បានណែនាំដល់សិស្សាសានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសប្រវត្តិសាស្ត្ររបស់របបអាវខ្មៅគុកឥតជញ្ជាំងខ្មែរក្រហម ដែលជាប្រវត្តិសាស្ត្រ ដ៏ខ្មៅងងឹត ដែលបនប៉ុលពត បានធ្វើមកលើជាតិតាឯង ហើយត្រូវខិតខំសិក្សារៀនសូត្រឲ្យបានក្លាយជាពូកែនិងឈានទៅរៀនមហាវិទ្យាល័យ និងត្រៀមទទួលយកនូវអាហារូបករណ៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចព្រះអភិសេរីសុគន្ធាសង្ឃរាជធិបតីកិត្តិយសឧទ្ទេសបណ្ឌិត ប៊ួ គ្រី។

លើសពីនេះ លោកស្រី បានណែនាំបន្ថែមដល់សិស្សាសានុសិស្ស ត្រូវមានភាពជឿជាក់លើវឌ្ឍនភាពរបស់ខ្លួន ទាំងការសិក្សារៀនសូត្រ និងដំណើរជីវិតដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ ជាអ្នកចូលរួមនិងជាមន្ត្រីរាជការដ៏មានគុណភាពទៅអនាគត។

គួរបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការសូត្រមន្តស្វាធ្យាយជ័យន្តោនិងពិធីរាប់បាត្រព្រះសង្ឃចំនួន ៤៥អង្គដើម្បីឧទ្ទិសកុសលជូនដល់ ព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រគ្រប់អង្គ ក៏ដូចជាឧបការីជននិងអ្នកដែលបានពលី ជីវិតនៅទីនេះ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានសុខសន្តិភាពនិងដល់ឋានបុរមសុខគ្រប់ៗគ្នាកុំបីអាក់ខានឡើយ៕