(កណ្ដាល)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា លោកបានបញ្ជាឲ្យតាមចាប់ខ្លួនហើយ ករណីជនដៃដល់ដែលទាញកាំបិទផ្គាក់កាប់សម្លាប់ស្ត្រីជាម្ចាស់លុយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយស្ត្រីនោះទៅតាមទារលុយដល់ផ្ទះនោះ។ លោកថ្លែងបែបនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក ។ ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឲ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង៕