(ឧត្តរមានជ័យ)៖ ផ្ទះថ្មី១ខ្នង ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងភរិយា ត្រូវបានរៀបចំសាងសង់ជាផ្លូវការ ជូនប្រជាពលរដ្ឋ១គ្រួសារ ដែលមានជីវភាពខ្វះខាត និងមានកូនតូច ធំ ក្នុងបន្ទុកចំនួន៨នាក់ រស់នៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ថា ផ្ទះ១ខ្នងដែលកំពង់សាងសង់ជូន ប្រជាពលរដ្ឋក្រីក្រ និងមានកូនចំនួន៨នាក់ ក្នុងបន្ទុកជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នជាស្នងការនគរបាលខេត្តកំពង់ធំ និងភរិយា ហើយផ្ទះថ្មីនេះមានទំហំ ៤.២០ម៉ែត្រ គុណ៨ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់អស់ចំនួន៦២០០ដុល្លារ។

លោក ជ័យ វាសនា បានថ្លែងទៀតថា ផ្ទះនេះបាននិងកំពុងចាប់ផ្តើមសាងសង់ហើយ គ្រោងបញ្ចប់ការសាងសង់ប្រហែលដើមសប្តាហ៍ទី១ នៃខែមិថុនា ខាងមុខនេះ។

លោកបន្តថា គ្រួសារនេះមានជីវភាពខ្ចះខាតខ្លាំងណាស់ រស់នៅដោយការប្រកបរបរដើរស៊ីឈ្នួលគេ ចំណែកផ្ទះក៏មានសភាពរខេករខាក បិទបាំងដោយដែកស័ង្គសីចាស់ៗ និងភួយចាស់ៗធ្វើជាជញ្ជាំង។

ក្នុងនាមក្រុមគ្រួសារខាងលើ លោក ជ័យ វាសនា បានថ្លែងអំណរអគុណយយ៉ាងជ្រាលជ្រៅបំផុតដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី និងភរិយា ដែលបានចំណាយថវិកាផ្ទាល់ខ្លួនជួយសាងសង់ផ្ទះមួយខ្នងជូនគ្រួសារក្រីក្រនេះ លោកក៏សូមប្រសិទ្ធិពរជ័យជូនលោកឧត្តមសេនីយ៍ទោ និងក្រុមក្រុមគ្រួសារ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ពិសេសសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕