(ស្វាយរៀង)៖ នៅក្នុងទិវាជាតិនៃការចងចាំ ២០ឧសភា ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤នេះ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ត្រូវប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួន ដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជំនះ ៧ មករា។

ពិធីនេះមានការចូលរួមពីលោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ ប្រជាពលរដ្ឋ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីសរុបចំនួន៨៦៩អង្គ/នាក់។

បន្ថែមលើសពីនេះលោកអភិបាលខេត្ត បានថ្លែងនូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជារួមមាន

*ទី១៖ ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។
*ទី២៖ ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។  
*ទី៣៖ ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។
*ទី៤៖ ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព​ ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ លោក ប៉េង​ ពោធិ៍សា​ បានផ្តាំផ្ញើក្មួយៗសិស្សសាលា​ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ ស្តាប់បង្គាប់ឪពុកម្តាយ​ ចំពោះឪពុកម្តាយ​ត្រូវបន្តចូលរួមផ្សព្វផ្សាយនឹងអប់រំកូនចៅ​ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​ បញ្ហាក្មេងទំនេីង​ ក្នុងនោះការបេីកបនៅលេីដងផ្លូវ​ ត្រូវមានកា​រប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ៕