(បាត់ដំបង)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលប្រារព្ធឡើងនៅឯបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង។

ក្នុងពិធីនេះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យ ព្រះមេគណគណៈមហានិកាយខេត្តបាត់ដំបង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ក្នុងខេត្តបាត់ដំបង។

លោក សុខ លូ បានលើកឡើងថា ទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែល បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបានបន្តទៀតថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕