(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៤ នៅមណ្ឌលឧក្រិដ្ឋកម្ម ស្ថិតក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សាលាដំបូងខេត្ត តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យុវជន សិស្សានុសិស្ស និងព្រះសង្ឃ ៧៩អង្គ ផងដែរ។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ជាការរំលឹកដល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលមាតុភូមិ និងប្រជាជនយើងធ្លាប់បានឆ្លងកាត់ក្នុងរបបមួយដ៏សែនឃោរឃៅ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចប្រវត្តិសាស្រ្តសកលលោក។

លោកអភិបាលខេត្ត បានរំលឹកថា បន្ទាប់ពីពួកប៉ុលពត បានឡើងកាន់អំណាចនៅកម្ពុជានៅថ្ងៃ ១៧ មេសា ១៩៧៥, ជិតមួយខែក្រោយមក គឺនៅថ្ងៃ២០ ឧសភា ១៩៧៥ ពួកប៉ុលពត បានប្រកាសចេញជាចំហរនូវគោលការណ៍មួយរួមមាន៖ ការជម្លៀសប្រជាជនចេញពីទីក្រុងនានាការលុបចោលទីផ្សារទាំងអស់ក្នុងប្រទេស ការបំបាត់រូបិយវត្ថុទាំងអស់នៃរបបចាស់ ការផ្សឹកព្រះសង្ឃទាំងអស់ ការបង្កើតផ្ទះបាយរួមទូទាំងប្រទេសការបណ្តេញជនជាតិវៀតណាម ការបិទមន្ទីរពេទ្យទាំងអស់ក្នុងទូទាំងប្រទេស ការបិទមហាវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងប្រទេស ការកំចាត់ចោលទាំងស្រុងនូវពួកខ្មាំងបង្កប់។ល។

ដូច្នេះគឺថ្ងៃ ២០ ឧសភា នោះហើយជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិ ហើយទាញបញ្ច្រាសឲ្យដើរថយក្រោយយ៉ាងវែង វិលទៅរកសម័យទាសភាពក្នុងបុព្វកាលវិញ។ និយាយរួមសង្គមកម្ពុជាត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ គ្មានស្នាមញញឹម គ្មានសំណើច គ្មានការអប់រំ គ្មានសេចក្តីស្រលាញ់ គឺមានតែការភ័យរន្ធត់ការអត់ឃ្លាន ទារុណកម្ម និងការកាប់សម្លាប់ប៉ុណ្ណោះ។

លោកអភិបាលខេត្តបានថ្លែងទៀតថា ប៉ុន្តែទោះយ៉ាងណាក្តី ពួកប្រល័យពូជសាសន៍មិនអាចកម្ទេចស្មារតិស្នេហាជាតិ ស្រលាញ់សេរីភាព និងយុត្តិធម៌របស់ប្រជាជនបានឡើយ។ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទី បានក្រោកឈរឡើងប្រយុទ្ធតស៊ូ ផ្ដួលរំលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យបានរស់រានឡើងវិញទាន់ពេលវេលា៕