(សៀមរាប)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋនៅក្នុងខេត្ត បានប្រារព្វទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ តាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតក្នុងបរិវេណវត្តទេពពោធិ៍វង្ស ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយនយោបាយប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។

ពិធីនេះ ក្រោមវត្តមានលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យុន លីនណេ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជា១ពាន់នាក់ និងពិធីរាប់បាត្រចំពោះព្រះសង្ឃជិត១រយអង្គផងដែរ។

លោក អ៊ាន ឃុន បាន​លើកឡើងថា រៀងរាល់ឆ្នាំអាជ្ញាធរខេត្តតែងតែប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីបង្ហាញការសោកស្តាយ និងនឹករលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានសម្លាប់យ៉ាងឃោឃៅ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ជាការចងចាំមិនអាចបំភ្លេចបាន។ លោកបន្តថា ការនិមន្ត អញ្ជើញចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនាឱកាសនេះ ជាការបង្ហាញឲ្យឃើញអំពី សមានចិត្តសោកស្តាយ នឹករលឹក ចំពោះប្រជាជនកម្ពុជាគ្រប់រូប ដែលបានសម្លាប់ដោយរបបខ្មៅងងឹតនេះ។

លោក អ៊ាន ឃុន បានបន្តថា យើងទាំងអស់គ្នាបានដឹងហើយថា រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របប ប៉ុល ពត បានធ្វើឲ្យមាតុភូមិកម្ពុជា ទទួលរងគ្រោះយ៉ាងអាណោចអធ័មយ៉ាងខ្លាំងក្លាបំផុត ប្រជាជនគ្មានកំហុសត្រូវធ្វើ ទារុណកម្ម និងសម្លាប់រង្គាល។ ជាវត្ថុតាងស្រាប់ដែលយើងបានឃើញអធិធាតុតម្កល់ទុកនៅទីវត្តទេពពោធិ៍វង្សស្រាប់ ដោយទង្វើទាំងនេះបានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជាគ្រប់គ្នាមិនអាចបំភ្លេចបាន។ 

លោកបានបន្តទៀតថា ដោយមើលឃើញការដឹកនាំបែបផ្តាច់ការនៃរបប ប៉ុល ពតនេះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិត្រូវបានបង្កើតឡើង រណសិរ្យសាមគ្គីកសាងការពារមាតុភូមិកម្ពុជា នាបច្ចុប្បន្នជាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំង៣ បានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ ក្រោកឈរតស៊ូរំដោះជាតិកម្ពុជា រហូតទទួលបានជ័យជន្នះត្រចះត្រចង់នាថ្ងៃទី៧ មករា ១៩៧៩ និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រោមម្លប់ សុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពេញលេញ និងធ្វើឲ្យស្មារតីនៃទិវាជាតិនៃការចងចាំ ២០ឧសភានេះ ក្លាយជាការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ឲ្យទទួលបានជោគជ័យ។

គណៈអធិបតី សមាជិកនៃអង្គពិធី បានធ្វើការបូជា ទៀន ធូប ដាក់នូវកម្រងផ្កា គោរពវិញ្ញណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៧៥អង្គ ប្រារព្វធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ៕