(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរដល់ លោក ជិន ថាញ់មិន ដែលត្រូវបានសម័យប្រជុំពេញអង្គ លើកទី៧ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា នីតិកាលទី១៥ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមរយៈសារលិខិតផ្ញើទៅកាន់ លោក ជិន ថាញ់មិន (Tran Thanh Man), ​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា «កម្ពុជា និងវៀតណាម គឺជាមិត្ត និងដៃគូយ៉ាងជិតស្និទ្ធយូរអង្វែង ដែលជានិច្ចកាលតែងទទួលបានកិច្ចសហ ប្រតិបត្តិការរវាងគ្នាប្រកបដោយផ្លែផ្កា។ យើងប្តេជ្ញារក្សាស្មារតីនៃភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងយូរអង្វែង ទន្ទឹមនឹងការស្វែងរកឱកាសបង្កើន កិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ»

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោក ជិន ថាញ់មិន និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្កើនការជឿទុកចិត្តគ្នាខាងផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការសភា និងផ្តល់លទ្ធផលជាក់លាក់បន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីប្រទេស និងប្រជាជន យើងទាំងពីរ៕