(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣។ ដោយក្នុងនោះលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុចា បានបង្ហាញអំពីចំណុចៗសំខានមួយចំនួន នៃការវាយតម្លៃ របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា បានបើកសិក្ខាសាលាស្ដីពី «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣» ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា នេះជារបាយការណ៍ប្រចាំឆ្នាំលើកទី៦ ដែលធនាគារជាតិនៃកម្ពុជាបានចេញផ្សាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង ពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្ដល់ជាទស្សនវិស័យ ចំពោះស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រីបណ្ឌិតជា សិរី បានថ្លែងឲ្យដឹងថា ថ្ងៃនេះសូមរំលេចនូវចំណុចសំខាន់ៗមួយចំនួន នៃការវាយតម្លៃនៅក្នុងរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ ដូចតទៅ៖

* ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកត្រូវបានវាយតម្លៃថា មានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើង នៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអតិផរណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥% ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ។ ទន្ទឹមនេះអត្រាអតិផរណាបានថយចុះមកត្រឹម២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

* ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនថ្លៃ ធៀបនឹងរូបិយប័ណ្ណជាច្រើន នៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀល ត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្ដូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុផ្សេងៗ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់។

ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិរក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បាន ៧ខែខ្ពស់ជាងកម្រិតអប្បបរមា៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ គួរបញ្ជាក់ថាបំណុលក្រៅប្រទេសបានកើនឡើងបន្តិច ប៉ុន្តែសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស)
បានថយចុះដោយសារកំណើនសេដ្ឋកិច្ច មានកម្រិតខ្ពស់ជាងកំណើនបំណុលក្រៅប្រទេស។

* ប្រព័ន្ធធនាគារកម្ពុជា បន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារ បានបន្តកើនឡើង ប៉ុន្ដែកំណើនទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បាន បណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនភាពប្រុងប្រយ័ត្នខ្ពស់ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទានបានធ្វើឱ្យកំណើនឥណទានថយចុះ មកនៅអត្រាមួយខ្ទង់ជាលើកដំបូង ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។

* ទោះយ៉ាងណាកំណើនអត្រាការប្រាក់ ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់១៣% ក្នុងឆ្នាំ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជ មានចំនួនជាង៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងបន្ដថា ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទាន មិនដំណើរការកើនឡើងលឿន តែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។

ទន្ទឹមនេះការកើនឡើងនៃការធ្វើសំវិធានធន និងការចំណាយលើអត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញ ក្នុងប្រព័ន្ធធនាគារថយចុះ។ ជារួមផ្អែកលើលទ្ធផលនៃការធ្វើស្ត្រេសតេស្ត ប្រព័ន្ធធនាគារកម្ពុជា រក្សាបានភាពធន់ ស្របពេលដែលអនុបាតសាធនភាព និងសន្ទនីយភាពបន្តស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានភាពខុសគ្នាខ្លះ នៅកម្រិតគ្រឹះស្ថានក៏ដោយ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «យ៉ាងណាមិញយើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃ វិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាន ក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរ នៃវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ»

ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យ ក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុ មកលើស្ថិរភាពហិរញ្ញវត្ថុអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមូលធនូបនីយកម្មទីផ្សារមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលក៏ដូចជាទ្រព្យសកម្ម ក្នុងវិស័យធានារ៉ាប់រងបានបន្តកើនឡើងជាលំដាប់។ មូលបត្របំណុលជាប្រាក់រៀលក៏ត្រូវបានបោះផ្សាយ ហើយបានរួមចំណែកគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិ និងចីរភាពបំណុល។

លោកស្រីបណ្ឌិតបានថ្លែងបញ្ជាក់ថា ម៉្យាងទៀតការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័សជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយក្នុងនោះប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង និងខេអេចហ្សូអរកូដបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានរួមចំណែកសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្ទេរប្រាក់ពីក្រៅប្រទេស ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ៕