(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានចូលរួមទិវាជាតិនៃរចងចាំ ២០ ឧសភា ដោយក្នុងនោះប្រជាពលរដ្ឋស្រុកសន្ទុក បានបង្ហាញការដឹងគុណ និងចងចាំមិនភ្លេច នៃមហាឧក្រិដ្ឋកម្មរបបកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើង ចំពោះមាតុភូមិ និងប្រជាជនកម្ពុជានឹងដឹងគុណជានិច្ច ចំពោះមហាគុណូបការៈនៃជ័យជម្នះ៧ មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍។

ប្រជាពលរដ្ឋរាប់រយនាក់ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានចូលរួមទិវាជាតិនៃការចងចាំ២០ ឧសភា ក្នុងនោះប្រជាជនមានអាយុ លើសពី៤៥ឆ្នាំឡើងទៅសុទ្ធតែជាជនរងគ្រោះ និងជាសាក្សីផ្ទាល់ នៃមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ ដែលបានធ្វើឲ្យប្រជាជន បាត់បង់ជីវិតអស់ជាង៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃមហាឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើត ឡើងចំពោះមាតុភូមិ។

លោក ស៊ុំ សន្និសិទ្ធ បានថ្លែងថា ក្នុងពេលដែលប្រទេសជាតិ ជួបប្រទះគ្រោះអាសន្ននេះ មានតែបក្សប្រជាជនបដិវត្តន៍ខ្មែរ បច្ចុប្បន្នគឺគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលកាលនោះ ទោះបីរបបបនប៉ុលពត បង្ក្រាបស្ទើររលំរលាយ ក៏បក្សនៅតែបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិដ៏បរិសុទ្ធ ប្រមូលផ្តុំកម្លាំងដែលនៅសេសសល់ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអំពាវនាវសុំជំនួយពីបណ្តាប្រទេសជាមិត្ត វាយបណ្ដេញបនប្រល័យពូជសាសន៍ ហើយរំដោះប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។

លោកបានបន្ដថា បញ្ហានេះប្រជាជនស្រុកសន្ទុក ក៏ដូចប្រជាជននៅទូទាំងប្រទេស បានថ្លែងការដឹងគុណជានិច្ច ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះឲ្យមាតុភូមិ ឲ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍នេះ ដោយមានតែបក្សប្រជាជនកម្ពុជាមួយគត់ ដែលនៅតស៊ូរួមសុខ រួមទុក្ខ ចែករំលែកការលំបាកជាមួយប្រជាជន ដោយបានដឹកនាំឆ្លងកាត់នូវគ្រប់ពុះពារឧបសគ្គ ដោយដៃម្ខាងកាន់អាវុធប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលមកវិញ នៃរបបប្រល័យពូជសាសន៍ ដៃម្ខាងទៀតស្តារ និងកសាងជីវភាពរបស់ប្រជាជន ស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម ដែលត្រូវបនប៉ុលពតបំផ្លិចបំផ្លាញដល់ប្ញសគល់។

បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ថិតក្រោមម្លប់សន្តិភាពបានធ្វើឲ្យកម្ពុជា កំពុងបោះជំហ៊ានទៅមុខប្រកបដោយភាពរីកចម្រើនឥតឈប់ឈរ ។

សូមបញ្ជាក់ថា ក្នុងពិធីនោះក៏មានរៀបចំពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលជូនដល់លោកឪពុកអ្នកម្តាយ បងប្អូនជន រួមជាតិទាំងអស់ ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញ នូវមហាឧក្រិដ្ឋកម្មដែលបន ប្រល័យពូជសាសន៍ប៉ុលពតបានបង្កឡើង និងគុណូបការៈដ៏ធំធេង របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះជាតិ និងប្រជាជនយើងឲ្យរួចផុតពីមហាឧក្រិដ្ឋកម្មនោះ៕