(កំពត)៖ លោកបណ្ឌិតអភិបាលខេត្ត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពត នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ នឹងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៩៥គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច។ ពិធីនេះរៀបចំធ្វើឡើងនៅបរិវេណវត្តពោធិ៍ជុំ ក្នុងស្រុកអង្គរជ័យ ចំនួន ៦៩គ្រួសារ  និងនៅបរិវេណវត្តកំពូលមាស ក្នុងស្រុកកំពង់ត្រាចចំនួន២៦គ្រួសារ។

នាឱកាសនោះ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការសោកស្តាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ម៉ៅ ធនិន បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកាន់តែមានភាពកក់ក្តៅ ភាពសុខដុមរម្យនា និងការអភិវឌ្ឍន៍កាន់តែប្រសើរនៅគ្រប់មូលដ្ឋាន។ ដោយឡែក ខេត្តកំពត ដូចពុកម៉ែបងប្អូនបានឃើញស្រាប់ហើយ គឺមានភាពល្អប្រសើរជាលំដាប់។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត  និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងសូមប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ សម្រាកសម្រានក្នុងមុង ចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។

អំណោយផ្តល់ជូន រួមមាន៖ ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, មី១កេស និងថវិកា ៥ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ ចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, តង់១ដុំ និងថវិកា ២០ម៉ឺនរៀល។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួនពីរវត្ត ក្នុង១វត្ត ទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកត្រី២យួរ, ត្រីខ ២០កំប៉ុង, មី២កេស, ទឹកសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ៕