(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានបើកវគ្គផ្សព្វផ្សាយតាមប្រព័ន្ធនិមិត្តស្តីអំពី «បរិយាប័ន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ» ដែលមានការចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

ពិធីនេះក៏មានការចូលរួមធ្វើបទបង្ហាញអំពី បរិយាប័ន្នពិការភាព ដោយលោក បុត្រ ភិមាន ប្រធានកម្មវិធីអង្គការ PafiD និងសការី ព្រមទាំងមានធ្វើបទបង្ហាញអំពីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងសហការី ហើយវគ្គផ្សព្វផ្សាយនេះ មានចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ ដែលមានអ្នកចូលរួមប្រមាណជាង ១២០នាក់ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ កាលពីចុងសប្តាហ៍នេះ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំអង្គការ PafiD និងថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ដែលតែងតែគាំទ្រ និងសហការជាមួយកាកបាទក្រហមកម្ពុជា ទាំងស្មារតី ថវិកា និងបច្ចេកទេស ដើម្បីចូលចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបំបាត់ភាពរើសអើងជាមួយជនមានពិការរភាព ផ្តល់ឱកាសការងារដល់ជនពិការ និងការរំលោភបំពាននិងការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារទាំងការរំលោភបំពានដោយផ្ទាល់ឬតាមអនឡាញ។

លោកស្រីបានបន្តថា «វគ្គផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ណាស់ និងបានផ្តល់ចំណេះដឹង និងបទពិសោធន៍ជូនមន្ដ្រីកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល និងមន្ត្រីសាខាឱ្យយល់ដឹងបន្ថែមទៀត ដើម្បីបំបាត់ការរើសអើងជាមួយជនមានពិការភាព និងចូលរួមកាត់បន្ថយហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិតចំពោះកុមារ ក្មេងស្រី និងស្ត្រី។

លោកស្រីបានបន្តទៀងថា កាកបាទក្រហមកម្ពុជា មានគោលនយោបាយការពារកុមារ ដែលតម្រូវឱ្យមន្រ្តីទាំងអស់ត្រូវចូលរួមការពារកុមារ និងផ្សព្វផ្សាយបន្ត ហើយផ្នែកពិការភាព ជាការងារអាទិភាព១ដែលកាកបាទក្រហមកម្ពុជា បានកំណត់ និងយកចិត្តទុកដាក់។ ដូចនេះ បន្ទាប់ពីបញ្ចប់វគ្គនេះ មន្រ្តីក្រុមប្រតិបត្តិសាខានឹងផ្សព្វផ្សាយបន្តជូនដល់យុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងលើកផែនការផ្សព្វផ្សាយបន្តដូចភ្លៀងរលឹម។

ជាថ្មីម្តងទៀង លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ដែលតែងតែគាំទ្រនិងសហការជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕