(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្ដូរទស្សនៈយល់ឃើញអំពីស្ថានភាពទំនាក់ទំនងអន្តរជាតិ ជាមួយនឹងលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ (Chen Bo) ប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈយល់ឃើញមួយចំនួន ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន មាគ៌ាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការពង្រឹងជំហររបស់ប្រទេសកំពុងអភិវឌ្ឍន៍ នៅចំពោះមុខយុទ្ធសាស្ត្ររបស់មហាអំណាចនានាជាដើម។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានការចោទប្រកាន់មិនសមហេតុផលមួយចំនួន អំពីករណីការគម្រោងអភិវឌ្ឍផ្សេងៗនៅកម្ពុជាភ្ជាប់ទៅនឹងបញ្ហាប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងឥទ្ធិពលចិននៅក្នុងតំបន់ ពីសំណាក់មហាអំណាចបស្ចិមប្រទេស និងប្រទេសជិតខាងកម្ពុជា ដែលជាការចាំបាច់ទាមទារឱ្យមានការសិក្សាស្រាវជ្រាវ និងស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរ។

ទោះជាយ៉ាងណាបញ្ហាខាងលើនេះ លោកបណ្ឌិត យង់ ពៅ និងលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ យល់ឃើញស្របគ្នាថា ប្រទេសទាំងពីរ (កម្ពុជា-ចិន) គប្បីផ្ដោតសំខាន់ទៅលើផលប្រយោជន៍ជាតិរបស់ខ្លួនជាសំខាន់ ហើយបន្តការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ឱ្យរីកចម្រើនជាលំដាប់ ជាជាងផ្ដោតទៅលើការរិះគន់ដែលមិនសមហេតុផលទាំងនោះ។

លោកបណ្ឌិត បានបន្តថា ទំនាក់ទំនងកម្ពុជា-ចិន ដែលមានរយៈពេលជាង២ពាន់ឆ្នាំមកនេះ គឺជាទំនាក់ទំនងដែលមានចរិតជាប្រវត្តិសាស្ត្រ និងប្រកបដោយភាពជិតស្និទ្ធខ្ពស់បំផុត ដូចមានភស្តុតាងនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នរបស់កម្ពុជាស្រាប់។ បន្ថែមពីនេះ ឆ្នាំ២០២៤ គឺជាឆ្នាំនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជាឆ្នាំជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន ជាដំណាក់កាលដែលប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងកាន់តែប្រសើរជាងពេលណាៗទាំងអស់។

ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ ទំនាក់ទំនងទ្វេភាគីនេះ ក៏ទទួលរងប្រតិកម្មពីសំណាក់អាម៉េរិក ដែលគូប្រជែងរបស់ចិន និងវៀតណាមដែលជាប្រទេសក្នុងតំបន់អាស៊ាន និងកំពុងមានជម្លោះដែនអធិបតេយ្យជាមួយចិនផងដែរ។ សម្រាប់លោកបណ្ឌិត កម្ពុជា-ចិន ត្រូវពង្រឹងទំនាក់ទំនងបន្ថែមទៀត ដែលក្នុងនោះប្រទេសទាំងពីរ ត្រូវតែជំរុញអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែតែរឹងមាំ បានជាជន្ទល់ទំនាក់ទំនងការបរទេសយ៉ាងរឹងមាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិតបានជម្រាបជូនលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ បានបន្ថែមថា នៅក្នុងវេទិកានានា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ លោកបណ្ឌិតតែងតែបានលើកឡើងថា «កម្ពុជាមានសិទ្ធិក្នុងការអភិវឌ្ឍ និងការរាប់អានជាមួយបណ្ដាមិត្តទាំងអស់ ស្របនឹងច្បាប់អន្តរជាតិ»

លោកបណ្ឌិតបន្តថា ការដែលចិនមានកម្ពុជា ជាដៃគូដែលអភិវឌ្ឍសេដ្ឋកិច្ចបានរឹងមាំ នោះស្មើនឹងចិនមានមូលដ្ឋាន និងជន្ទល់រឹងមាំនៅក្នុងតំបន់ផងដែរ ដែលនេះជាគម្រូលំនាំសហរដ្ឋអាម៉េរិក ធ្វើជាមួយសម្ព័ន្ធមិត្ត។ លោកបណ្ឌិតបានលើកឡើងអំពីរឿងដែលគេភ្ជាប់កត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងច្រកសមុទ្រតៃវ៉ាន់ និងទំនាស់នៅសមុទ្រចិនខាងត្បូង មកការអភិវឌ្ឍសមត្ថភាពរបស់កម្ពុជាដូចជា៖ កំពង់ផែរាម និងព្រែកជីកហ្វូណនតេជោ គឺជាយុទ្ធសាស្ត្រនយោបាយដែលគេមានបំណងបន្ទុចបង្អាក់ដំណើការអភិវឌ្ឍរបស់កម្ពុជា ប៉ុន្តែ កម្ពុជាត្រូវតែជម្នះឱ្យបាន និងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍប្រទេសជាតិស្របតាមតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន។

លោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ បានយល់ស្របទៅនឹងការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ដោយបានគូសបញ្ជាក់ថា «ប្រទេសទាំងពីរមានអធិបតេយ្យរៀងខ្លួន និងអាចសហការគ្នាដោយមិនចាំបាច់បារម្ភអំពីប្រទេសដទៃខាងក្រៅនោះទេ»។ លោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ បានលើកឡើងទៀតថា ទំនាក់ទំនងចិន និងកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ហើយការជជែកពិភាក្សានៅក្នុងវេទិកាធនាគារខួរក្បាលរវាងប្រទេសទាំងពីរ នឹងកាន់តែជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

ជារួម លោកបណ្ឌិត យង់ ពៅ និងលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ បានបង្ហាញទស្សនៈយល់ឃើញស្របគ្នាថា ប្រទេសកម្ពុជា និងចិន ចាំបាច់ត្រូវពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយបន្តមាគ៌ាអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនស្របតាមតម្រូវការ និងឧត្ដមប្រយោជន៍ជាតិ ជាជាងការព្រួយបារម្ភតែនឹងការលើកឡើងចោទប្រកាន់ក្នុងន័យបន្ទុកបង្អាក់ពីសំណាក់បរទេសនានា។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ និងលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ ក៏បានបង្ហាញជំនឿជាក់ដូចគ្នាផងដែរថា ការពង្រឹងសម្លេងរួមគ្នារវាងកម្ពុជា និងចិន ដើម្បីពង្រឹងភាពខ្លាំងនៃប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ គឺជាចំណុចគន្លឹះនៅក្នុងការរួមគ្នាការពារផលប្រយោជន៍ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕