(សៀមរាប)៖ អស់រយៈពេល២៥ឆ្នាំ (១៩៩៩ - ២០២៤) មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំកុមារកម្ពុជា ជាច្រើនលាននាក់ ឱ្យទទួលបាននូវសុខភាពល្អ។ ក្នុងពេលថ្មីៗនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះពុម្ភផ្សាយនូវរបាយការណ៍លទ្ធផលរយៈពេល៦ខែ របស់ខ្លួន គិតចាប់ពី ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍លទ្ធផលរយៈពេល៦ខែ (ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤) មន្ទីរពេទ្យកុមារអង្គរបានពិនិត្យ ព្យាបាល និងថែទាំកុមារ ចំនួន ប្រមាណ ៥៤,០០០ ករណី នៅផ្នែកពិគ្រោះជំងឺក្រៅ និង ជាង ២,០០០ ករណីទៀត នៅផ្នែកសម្រាកព្យាបាល។ បន្ថែមពីលើនេះមានកុមារ ប្រមាណ ១,០០០ ករណី បានទទួលការជួយសង្គ្រោះអាយុជីវិត នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ ជំងឺធ្ងន់ធ្ងរ និងផ្នែកព្យាបាលថែទាំទារក ខណៈកុមារ ប្រមាណ ៧,៦០០ ករណី បានទទួលការវះកាត់តូចនិងធំ។
មាតារបស់កុមារមានជំងឺមហារីកម្នាក់ មកពីខេត្តបាត់ដំបង បានលើកឡើងថា “គ្រួសារខ្ញុំគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ដោយសារជំងឺមហារីក។ តែគ្រូពេទ្យកុមារអង្គរ ទទួលព្យាបាលកូនខ្ញុំ ហើយព្យាបាលដោយយកចិត្តទុកដាក់ទៀតផង។ កូនខ្ញុំបានប្រសើរឡើងជាងមុនឆ្ងាយណាស់។”

ក្រៅពីការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយផងដែរ។ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់វគ្គបណ្តុះបណ្តាលអប់រំ បង្ការសុខភាពដល់ ប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅក្នុងខេត្តសៀមរាប និងព្រះវិហារ ដោយមានអ្នកចូលរួម ជាង ២៧០,០០០ វត្តមាន។ ជាមួយនឹងចំនួនវត្តមានអ្នកចូលរួម ប្រមាណ ៩,០០០ វត្តមានផ្សេងទៀត តាមរយៈការបណ្តុះបណ្តាលដល់ មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ និងគិលានុបដ្ឋាកចុះកម្មសិក្សា ព្រមទាំងបុគ្គលិកកុមារអង្គរផ្ទាល់។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ខ្ញុំបាទផ្ទាល់ ពិតជាមានអំណរគុណយ៉ាងខ្លាំង នូវការឧបត្ថម្ភគាំទ្រ ពីបងប្អូនទាំងអស់គ្នាអស់រយៈពេល ២៥ឆ្នាំនេះ។ លទ្ធផលទាំងនេះ កើតចេញពីការគាំទ្រនិងឧបត្ថម្ភរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស អ្នកស្ម័គ្រចិត្ត ក្រុមប្រឹក្សាភិបាល បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយទឹកចិត្តសប្បុរសធម៌ ភាពស្មោះស័្មគ្រ និងការបេ្តជ្ញាចិត្តខ្ពស់។”

គូួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីដំណើរការមន្ទីរពេទ្យកុមារអង្គរ តាមរយៈសកម្មភាពធំៗចំនួន៣ គឺ ការពិនិត្យ ព្យាបាល ថែទាំជំងឺនៅក្នុងមន្ទីរពេទ្យ កម្មវិធីអប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងកម្មវិធីអប់រំបង្ការសុខភាពនៅតាមសហគមន៍។

មន្ទីរពេទ្យ សូមអំពាវនាវ ដល់សប្បុរសជននានា ក្រុមហ៊ុន និងស្ថាប័នគ្រប់លំដាប់ថ្នាក់ សូមមេត្តាបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតកុមារដែលត្រូវការ ការព្យាបាល ថែទាំសុខភាព បណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងដើម្បីផ្តល់ការអប់រំបង្ការសុខភាពសហគមន៍។

អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ ឈានមុខមួយ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា៕