(ភ្នំពេញ)៖ លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ ​​​​​​​បានអនុ​ញ្ញា​តឱ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ចូសេហ្វ សូយ័រ និងបានថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ ដែលនៅតែបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារ UN បានរួមដំណែកក្នុងដំណើរការស្ដារប្រទេសកម្ពុជា ក្រោយសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជាដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោក ចូសេហ្វ សូយ័រ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រ​ជា​ជា​​តិ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន ៖ អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សាផ្នែកយេនឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង កិច្ចការពារសង្គមជាអាទិ៍។

ជាការឆ្លើយតបលោក ចូសេហ្វ សូយ័រ បានសម្ដែងការអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការជាមួយអង្គការសហប្រជាជាតិនាពេលកន្លងមកនេះ។​

ក្នុងជំនួបនោះដែរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ក៏បានគូសបញ្ជាក់ជូន អភិសន្តិបណ្ឌិត ស សុខា ថា អង្គការសហប្រជាជាតិ​​ ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក៕