(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ នាថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍នេះ រៀបចំដោយ INTERKULTUR និង All Dreams Cambodia គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤នេះ លោកបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌​ បានឱ្យដឹងថា កម្មវិធីនេះ រំពឹងលើ៣ចំណុចសំខាន់រួមាន៖ ទី១ ការរៀបចំនេះនឹងបើកទ្វារឱ្យទេសចរមកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន, ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះអ្នកចូលរួមនៅពេលដែលត្រឡប់ទៅប្រទេសខ្លួនវិញពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ និងចំណុចទី៣ គេរំពឹងថា បន្ទាប់ពីជោគជ័យលើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់ ២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត។

ចំពោះក្រុមចម្រៀងជាពួកអន្តរជាតិ គឺអញ្ជើញមកពីបណ្តាប្រទេសអាស៊ានចំនួន ៧ក្រុម មកចូលរួមប្រកួតប្រជែង៖ កម្ពុជា២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ម៉ាឡេស៊ី២ក្រុម និងថៃឡង់ដ៍១ក្រុម សរុបប្រមាណ២៥០នាក់។ ព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីក្រុងភ្នំពេញ ក៏គ្រោងនឹងបន្ថែមនូវ«កម្មវិធីមិត្តភាព» (Friendship Concert) ដែលនឹងរៀបចំធ្វើនៅទីលានវត្តភ្នំ និងផ្សារទំនើប ឬទីកន្លែងណាផ្សេងទៀត សម្រាប់សាធារណជនទូទៅបានទស្សនា។ ព្រឹត្តិការណ៍នេះ ក៏មាននូវកម្មវិធីសិក្ខាសាលាសម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យនិងសាលាផ្សេងៗ។

បើតាមរបាយការណ៍និងចំណុចសំខាន់ របស់ការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ ក្នុងកិច្ចប្រជុំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ ពិធីបើក នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុម្មុខ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។ ថវិកាចំណាយជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ All Dreams ៕