(កំពង់ចាម)៖ លោកស្រី គឿន ស្រីនាង អាយុ ៤៨ឆ្នាំ ត្រូវប្ដីចុះចោលបាត់ដំណឹងសូន្យឈឹង បន្សល់ទុកនូវកូនស្រីម្នាក់ ដែលមានពិការភាពរាងកាយ ជាបន្ទុកដ៏លំបាក ព្រោះមិនអាចទៅណារកស៊ីនៅឯណាឆ្ងាយពីកូនបានយូរនោះទេ សព្វថ្ងៃគឺដើរគោះអង្ក្រង បេះត្រកួន រកក្ដាមខ្យង ដើម្បីយកទៅលក់នៅឯផ្សារមួយភ្លាមៗ ដើម្បីយកលុយទិញអង្ករហូបបានមួយថ្ងៃៗ។

កាន់តែអកុសល​ ពេលស្ដ្រីជាម្ដាយចេញទៅប្រកបរបរជាប្រចាំថ្ងៃ កូនស្រីដែលត្រូវទុកនៅផ្ទះម្នាក់ឯង ក៏ត្រូវបានជនល្មើសល្មោបកាមចូលមកចាប់រំលោភបំពានផ្លូវភេទ ដល់លើផ្ទះ នៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយរងគ្រោះអាជ្ញាធរមូលដ្ឋានក៏បានចាប់ជនល្មើសរូបនោះដាក់ទោសតាមផ្លូវច្បាប់។

ភាពលំបាកវេទនានេះក៏មិនត្រូវបានមើលរំលងដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ដឹកនាំក្រុមការងារ នាំយកអំណោយប្រគល់ជូនស្ដ្រីមេម៉ាយ និងកូនដ៏អភ័ព្វនេះ ដើម្បីជួយសម្រាលការលំបាក។

ក្នុងឱកាសនោះ ទាំងម្ដាយ និងកូន សប្បាយចិត្ដយ៉ាងខ្លាំងថ្លែងទាំងក្ដុកក្ដួលហូរទឹកភ្នែក ពេលទទួលបានការជួយពីមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងនោះកូនស្រីវ័យអាយុ ២៥ឆ្នាំ «ក៏បានស្នើសុំដល់អ្នកម្ដាយមនុស្សធម៌ ជួយផ្ដល់បង្គន់មួយសម្រាប់គាត់ជាជនពិកាផង»។

គួរបញ្ជាក់ថា យុវតីដ៏អភ័ព្វនេះ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច ហើយពេលម្ដាយចេញទៅរកក្ដាមខ្យងម្ដងៗម្ដាយរបស់យុវតីនេះ ក៏តែងតែផ្ញើកូននឹងប្អូនស្រីដែលជាស្ដ្រីមេម៉ាយកូន៣ ជួយមើលថែម្ដងការផងដែរ។

ក្នុងឱកាសចុះជួបនិងផ្ដល់អំណោយដល់ម្ដាយកូនកំសត់ខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតស្រលាញ់ និងបានលើកទឹកចិត្តដល់ស្ដ្រីនិងកូន ត្រូវតស៊ូក្នុងជីវិត រស់នៅបន្តទៅមុខទៀត ពិសេសត្រូវមើលថែគ្នាឱ្យបានល្អ។

សូមជម្រាបថាបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារខាងលើរួមមាន៖ អង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោប្រអប់ ស្ករស ទឹកបរិសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា ១លានរៀល៕