(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកលោកស្រី សឹង សូហ្វីយ៉ាន សមាជិកាក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី២ ដែលកំពុងបន្តនៅផ្ទះសម្រាកព្យាបាលជំងឺ បន្ទាប់ពីលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមការងារ ចុះសំណេះសំណាល និងស្វែងយល់ស៊ីជម្រៅលើការពង្រឹងសកម្មភាពការងារពាក់ព័ន្ធផ្ទៃក្នុងមួយចំនួនផ្សេងទៀត ជាមួយមន្ត្រីក្រុមប្រឹក្សាចំនួន៣សង្កាត់។

សកម្មភាពមួយចំនួនទាក់ទិននឹងការឧបត្ថម្ភថវិកាដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលមានជម្ងឺ ក៏ដូចជាពង្រឹងការងារផ្ទៃក្នុងរបស់លោកប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពីលោក សឹម ស៊ឹកគ្រីយ៉ា លោក សយ កុសល និងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ បានអនុវត្តឡើងនៅតាមបណ្ដាសង្កាត់ច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក ជុំ បាយ័នវិបុល បានថ្លែងថា រាល់គ្រប់សកម្មភាពរបស់ប្រធាន ក៏ដូចជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខណ្ឌឬស្សីកែវ ដែលបាននឹងកំពុងអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ចំពោះការងារចាំបាច់មួយចំនួន ទាំងអនុវត្តផ្ទាល់តាមរយៈកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ និងតាមប្រព័ន្ធផ្សេងៗ ពិសេសសំដៅជម្រុញលើការងារផ្ដល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជូនប្រជាពលរដ្ឋ និងកាន់តែពិសេសទៀតនោះ គឺការងារឯកភាពនៃសាមគ្គីភាពផ្ទៃក្នុងកាន់តែស៊ីជម្រៅរវាងថ្នាក់លើ និងថ្នាក់ក្រោម ដើម្បីឲ្យស្របតាមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៕