(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះដើម្បីបានដឹងពីការវិវឌ្ឍន៍របស់ក្រុមហ៊ុននីមួយៗ ហើយសមាជិកនីមួយៗបានធ្វើការងារដល់កម្រិតណា ដើម្បីបានដឹងពីបញ្ហាប្រឈមនានា ដែលសមាជិកបានជួប និងធ្វើការដោះស្រាយ។

លោកអ្នកឧញ៉ា បានឱ្យដឹងថាទៀតថា «យើងដឹងហើយថា បច្ចុប្បន្ននេះទាំងនៅក្នុងតំបន់ ទាំងអាស៊ីទាំងមូល ដូចជានៅប្រទេសចិន វៀតណាម និងបណ្ដាប្រទេសដទៃទៀត តែងតែជួបបញ្ហា ប្រឈមនានាលើវិស័យដូចខាងលើនេះ នៅស្រុកយើងវិញក៏មានជួបតិតតួចដែរ ហើយបើសម្រាប់នៅសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាយើង មិនសូវមានបញ្ហាអ្វីនោះទេ»។

សូមជម្រាបថា កិច្ចប្រជុំនៅថ្ងៃនេះដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ គឺបានពិភាក្សាអំពីការបង់ពន្ធជាកញ្ចប់, ពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងវិស័យសំណង់នៅកម្ពុជា ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយរួម៕