(កំពង់ស្ពឺ)៖ លោក ថៃ សុផាត អតីតប្រធានយុវជនគណបក្ស ភ្លើងទៀន ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ និងជាបេក្ខជនក្រុមប្រឹក្សាខេត្តលេខរៀងទី២ និងជាតំណាងគណបក្សកម្លាំងជាតិខេត្តកោះកុង បានប្រកាសចាកចេញពីអតីតបក្សប្រឆាំងមួយនេះ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មក្រុមប្រឆាំងនេះ បានលើកឡើងថា សម្រាប់លោកផ្ទាល់បច្ចុប្បន្ននេះ គ្មានគណបក្សប្រឆាំងណាមួយល្អជាងគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះលោកគោរពសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមធ្វើនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងបានធ្វើនយោបាយមិនច្បាស់លាស់ បែកបាក់ផ្ទៃក្នុង បែកបាក់សាមគ្គី ដូច្នេះក្រោយលង់ខ្លួនចាញ់បោកនយោបាយបក្សប្រឆាំងជាច្រើនឆ្នាំ ទើបលោកយល់ថាគណបក្សប្រឆាំងនេះ មិនបានធ្វើអ្វីដើម្បីជាតិនោះទេ។
តាមរយៈវីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ថៃ សុផាត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងដោយសារខ្ញុំមើលឃើញថាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ គឺជាគណបក្សក្នុងចង្កោមតែមួយ ដែលមានមេដឹកនាំដណ្តើមតែអំណាចគ្នា មិនគិតផលប្រយោជន៍ជាតិជាធំ នៅក្នុងផ្ទៃក្នុងបក្សមួយថ្ងៃៗ គិតតែពីរឿងដណ្តើមអំណាច ដើម្បីបានតួនាទី បានបុណ្យស័ក្តិ ហើយមិនបានជួយជាតិបន្តិចណាសោះឡើយ ដូច្នេះហើយខ្ញុំសម្រេចចិត្តផ្តាច់ខ្លួន និងចាក់ចេញពីគណបក្សប្រឆាំង»។
ជាមួយនឹងការប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង អតីតសកម្មជនក្រុមប្រឆាំងរូបនេះ បានបញ្ជាក់ថា លោកបានមើលឃើញពីទង្វើររបស់ទណ្ឌិត សម រង្ស៉ី បានប្រឆាំងរារាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍ជាតិ ក្នុងការនាំទំនិញចរាចរណ៍តាមផ្លូវទឹក។ ចំណុចនេះហើយដែលជាមូលហេតុរុញច្រានឱ្យលោកចាកចេញពីគណបក្សប្រឆាំងដែលមិនបានជួយដល់ប្រទេសជាតិ ប្រជាជនប៉ុន្តែ បែរជាមានគំនិតមិនល្អ រារាំងគម្រោងអភិវឌ្ឍនានា របស់រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងកសាងប្រទេសជាតិដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅបានសុខសាន្ត ក្រោមដំបូលសន្តិភាព៕