(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរដល់ លោក ត្រិន ថាញ់មិន (Tran Thanh Man) ដែលត្រូវបានសម័យប្រជុំពេញអង្គ លើកទី៧ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា នីតិកាលទី១៥ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួ៧បាន សម្តេចបានលើកឡើងថា តួនាទីដ៏ស័ក្តិសមសម្រាប់ លោក ត្រិន ថាញ់មិន ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងជំនឿជឿជាក់ ដែលគណបក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម មានចំពោះលោក ក្នុងការដឹកនាំ រដ្ឋសភាដើម្បីភាពប្រសើរឡើង និងវិបុលភាពខ្ពស់ជាងមុនសម្រាប់ប្រទេសវៀតណាម។

សម្តេចបានបន្ថែមថា ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់យើងកាលពី ៥៧ ឆ្នាំមុនមក កម្ពុជា និងវៀតណាម មានទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលបន្តរីកចម្រើនឥតឈប់ឈរ និងមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធលើគ្រប់វិស័យ។

សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ត្រិន ថាញ់មិន ដើម្បីធ្វើឱ្យកាន់តែស៊ី ជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែងរបស់យើង ក្រោមគោលការណ៍នៃ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេស និងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ។

សម្តេចមានទំនុកចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក ត្រិន ថាញ់មិន, រដ្ឋសភាវៀតណាម នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការសភារបស់យើង ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធផល ទាំងក្រោម ក្របខណ្ឌទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុល ភាពនៃប្រទេសយើងទាំងពីរ និងតំបន់៕