(ឥណ្ឌូនេស៉ី)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៉ី។

វេទិកាទឹកពិភពលោកបានបង្កើតឡើងដោយក្រុមប្រឹក្សាទឹកពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីសម្រេចបាននូវការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា ដោយការលើកកម្ពស់កិច្ចសហការ ការច្នៃប្រឌិត និងការប្ដេជ្ញាចិត្តពីភាគីពាក់ព័ន្ធនៅទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៩៧មក វេទិកាទឹកពិភពលោក បានប្រារព្វធ្វើឡើងរៀងរាល់៣ឆ្នាំម្តង និងបានក្លាយជាវេទិកាអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកក្នុងវិស័យទឹកដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចម្រុះ ហើយនៅឆ្នាំ២០២៤ នេះ វេទិកាទឹកពិភពលោកលើកទី១ បានប្រព្រឹត្តទៅក្រោមមូលបទ «ទឹកដើម្បីភាពចម្រុងចម្រើនរួមគ្នា»។

លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី បានអញ្ជើញបើកវេទិកាទឹកពិភពលោកលើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាទឹកពិភពលោកនិងប្រទេសឥណ្ឌូនេស៉ីជាម្ចាស់ផ្ទះ និងមានការចូលរួមពីបណ្តាប្រមុខរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ អាជ្ញាធរក្នុងតំបន់ អង្គការអន្តរជាតិ សង្គមស៉ីវិល និងវិស័យឯកជន ព្រមទាំងអ្នកតំណាងចូលរួមពីគ្រប់តំបន់ និងគ្រប់កម្រិត ចំនួន ១០៥ ប្រទេស សរុបប្រមាណជាង ១ម៉ឺននាក់។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូមួយចំនួនដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងស្វែងរកការគាំទ្រលើការអភិវឌ្ឍវិស័យធានធានទឹក និងឧតុនិយមនៅកម្ពុជា រួមមាន៖

* ១៖ កិច្ចពិភាក្សាទ្វេភាគីជាមួយលោក Hon Patrick Gorman រដ្ឋមន្ត្រីជំនួយរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាសមាជិកសភាតំបន់Perth
* និង ២៖ កិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយតំណាងធនាគារពិភពលោក លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៉ីខាងកើតនិងប៉ាស៉ីហ្វិក និងលោក Saroj Kuma Jha នាយកផ្នែកទឹកសាកលនៃធនាគារពិភពលោក។

គួរបញ្ជាក់ថា វេទិកាទឹកពិភពលោកលើកទី១០ ផ្តោតលើប្រធានបទរងចំនួនប្រាំមួយ៖ ទី១៖ សុវត្ថិភាពទឹក និងវិបុលភាព ទី២៖ ទឹកសម្រាប់មនុស្ស និងធម្មជាតិ ទី៣៖ ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទី៤៖ កិច្ចសហប្រតិបត្តិការ និងការទូតជលសាស្រ្ត ទី៥៖ នវានុវត្តន៍ហិរញ្ញវត្ថុសម្រាប់ទឹក និងទី៦៖ ចំណេះដឹង និងការច្នៃប្រឌិត៕