(ភ្នំពេញ)៖ សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្ត្រ ដែលធ្លាប់ជាសាលសវនាការមួយ ក្នុងចំណោមសាលសវនាការមួយចំនួនតូចនៅលើពិភពលោកបម្រើកិច្ចការយុត្តិធម៌ និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះទៀតសោត សាលយុត្តិតេជោ ត្រូវបានចាត់ទុកថាជាសាលសវនាការមួយ នៅក្នុងចំណោមសាលសវនាការមួយចំនួនតូច ដែលគាំទ្រដល់ការកាត់ទោសប្រកបដោយជោគជ័យលើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

សាលយុត្តិតេជោ នៅដើមដំបូងឡើយត្រូវបានកសាង និងប្រើប្រាស់ជាសាលសន្និសីទ សម្រាប់កងយោធពលខេមរភូមិន្ទ។ នៅក្នុងឆ្នាំ២០០៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជា និងសម្រេចប្រគល់ទីតាំងនេះឲ្យទៅអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ជាសាលសវនាការ ដែលគ្រប់គ្រងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ សាលសវនាការដែលបង្កើតឡើងនេះ មានឈ្មោះជាផ្លូវការថា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» ដែលស្គាល់ជាទូទៅថា សាលាក្តីខ្មែរក្រហម។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការកាត់ទោសឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបុគ្គលទទួលខុសត្រូវខ្ពស់បំផុត ចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ (ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩)។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់បដិសន្ធិចេញពីកិច្ចសហការរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ហើយគឺជាសាលាក្តីចម្រុះដំបូងបង្អស់នៅលើពិភពលោក ដែលបង្កើតឡើងក្រោមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តំណាងឱ្យសេចក្តីប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម អ្នកទទួលរងទុក្ខវេទនា និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានប្រាប់រឿងរ៉ាវអំពីជីវិតរបស់ខ្លួន។

មានការប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាជាងពីរលាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ហើយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រមាណជាងប្រាំលាននាក់ ដែលរស់នៅសព្វថ្ងៃនេះ និងបានបន្តរៀបរាប់ប្រាប់រឿងរ៉ាវជីវិតរបស់ខ្លួន។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលខុសត្រូវលើដំណើរការកាត់ទោស ប្រកបដោយជោគជ័យទៅលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងបុគ្គលដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ការចងចាំនូវរឿងរ៉ាវ និងការងារដែលពាក់ព័ន្ធជាមួយសំណុំរឿងរបស់សាលាក្តីខ្មែរក្រហម ក៏ដូចជាដំណើរដ៏លំបាកលំបិនក្នុងការស្វែងរកយុត្តិធម៌ ដែលបន្តរហូតមកដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រតិបត្តិការការងារអស់ រយៈពេល១៦ឆ្នាំ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបិទបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ហើយបានប្រគល់ជូនសាលនេះទៅកាន់កងយោធពលខេមរភូមិន្ទវិញ។

បន្ទាប់ពីការប្រគល់សាលយុត្តិតេជោ មកបញ្ជាការដ្ឋានកងទ័ពជើងគោកវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អតីតអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានមានអនុសាសន៍ផ្តែផ្តាំថា សាលយុត្តិតេជោ នេះត្រូវតែរក្សាទុក ដើម្បីជាប្រវត្តិសាស្ត្រសម្រាប់ ប្រជាជនកម្ពុជាជំនាន់ក្រោយឲ្យបានយល់ អំពីដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៕