(ភ្នំពេញ)៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេស​ទទួល​បន្ទុក​កិច្ចការបង្ការអំពើប្រល័យពូជសាសន៍ លោកស្រី អាលីស វ៉ៃរីមូ ឌឺរីទូ (Alice Wairimu Nderitu) ចាត់ទុកដំណើរការដ៏ជោគជ័យនៃការជំនុំជម្រះ​ទោស​របស់​មេដឹកនាំខ្មែរក្រហមរបស់​សាលា​ក្តី​ខ្មែរ​ក្រហម ក៏ដូចជាការទប់ស្កាត់អំពើប្រល័យ​ពូជ​​សាសន៍នៅកម្ពុជា គឺជាមេរៀនដ៏ល្អសម្រាប់ប្រជាជាតិនៅលើពិភពលោក។

ការលើកឡើងរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបលោកស្រីអគ្គលេខាធិការរង បានជម្រាបសម្ដេចធិបតី អំពីបទពិសោធន៍ និង​បេស​កកម្មការងាររបស់លោកស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើ​ប្រល័យ​ពូជសាសន៍ នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា បូស្នី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda)។

លោកស្រីបន្តថា គោលបំណងដ៏សំខាន់នៃបេសកកម្ម​របស់លោកស្រីនៅ​កម្ពុជានា​ពេល​នេះ គឺចូលរួមក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ ការ​ការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព»។

លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង អង្គការ​សហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យ​ពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាម​សាលារៀន​ ទាំងសាលារដ្ឋ និងឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

លោកស្រីអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់​របស់​កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក.។ លោកស្រី បានជម្រាបសម្តេចធិបតីផងដែរថា ​​​ មេរៀន​ និងបទពិសោធន៍របស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សា​ការងារជាមួយលោកស្រីអគ្គលេខាធិការរង និងអរគុណចំពោះចំណាប់អារម្មណ៍របស់លោកស្រីអំពីជោគជ័យរបស់កម្ពុជា ពាក់ព័ន្ធការអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអប់រំដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារ​សំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបខ្មៅងងឹតខ្មែក្រហមទេ ថែមទាំងជាការរួមចំណែកទប់ស្កាត់ និងបង្ការការវិលត្រលប់មកវិញនៃអំពើដ៏សាហាវយង់ឃ្នង់ មិនអាចពរណ៌នាបានក្នុងសង្គមកម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ​ អ.វ.ត.ក.។

ចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project) សម្ដេចធិបតី បានលើកឡើងថា សម្តេចបានជំរុញ និងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងនេះ៕