(ភ្នំពេញ)៖ លោកស្រី ម៉ារី ហេលេន ល័រហ្វុង អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង (AFD) ដែលជាស្ថាប័នប្រតិបត្តិផ្នែកជំនួយរបស់​រដ្ឋា​ភិបាលបារាំង បានបង្ហាញការ​ពេញ​ចិត្តចំពោះកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍​កន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ លោកស្រី បានប្រកាសបន្តការគាំទ្រយ៉ាងមុតមាំជា​បន្ត​ទៀតដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ការបញ្ជាក់របស់អគ្គនាយិការរងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបខាងលើ លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកស្រីបានជម្រាបសម្តេចធិបតី អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏​យូរ​អង្វែងរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងកម្ពុជា និងបានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង​កិច្ច​សហ​ប្រតិបត្តិការនេះបន្ថែមទៀត។ លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់កាល​ទី១ ដោយផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធន​មនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។

លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីកម្មវិធីរបស់ទីភ្នាក់​ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើនរួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុ​បៃ​តង ពាណិជ្ជកម្ម និងវិនិយោគជាដើម។

លោកសីអគ្គនាយិការង ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ដាក់​ចេញ​យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាព​កាបូន​នៅឆ្នាំ២០៥០។ បន្ថែមលើនេះ លោកសីអគ្គនាយិការង ក៏បានជម្រាបជូន​សម្តេច​ធិបតី អំពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការ​រួម​ចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេស​អភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ ខាងមុខ តាមរយៈការធ្វើការងារជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ារី ហេលេន ល័រហ្វុង និងសហការីនៅកម្ពុជានាពេលនេះ។ សម្តេចធិបតី ក៏បានថ្លែង​អំណរ​គុណទីភ្នាក់ងារ AFD ចំពោះការចូលរួមចំណែកការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជានាពេលកន្លងមក។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្ដេចធិបតី បានសម្តែងការគាំទ្រ​ចំពោះ​កម្មវិធី ដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០។

សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរអំពីការដាក់ចេញគោលដៅក្នុងការលើកកម្ពស់ និង​ធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់ អព្យាក្រឹតកាបូន​នៅឆ្នាំ​២០៥០។ បច្ចុប្បន្ននេះ កម្ពុជា បានសម្រេចការប្រើប្រាស់ថាមពលស្អាតចំនួន ៦២ភាគ​រយ នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញទិសដៅជំរុញការ​ប្រើប្រាស់ ថាម​ពលស្អាតឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០។

សម្ដេចធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញគោលដៅក្នុងការផ្ទត់ផ្គង់ទឹកស្អាត​ឱ្យ បាន១០០ភាគរយ និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដើម្បី​ធា​នា​ការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និង ការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។

ក្នុងជំនួបនេះសម្ដេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរ​យោ​បល់​លើវិស័យសំខាន់មួយចំនួន រួមមាន៖ (១) ពាណិជ្ជកម្ម និងគោលនយោបាយ​ក្នុងការទាក់ទាញការវិនិយោគ ដោយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តី​ពីវិនិ​យោគ​របស់កម្ពុជា ដែលផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅ​កម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ និងគំនិតផ្ដួចផ្ដើមថ្មីៗ បន្ថែម​ទៀត ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់​ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការផ្ដល់នូវភាពបត់​បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាព​ប្រកួតប្រជែង (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និង ភាសាបារាំង​ប្រចាំ​តំបន់នៅកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា ទំនាក់ទំនង​ប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាលនៃ​វិស័យ​​ថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញផែនការយុទ្ធ​សាស្ត្រសំខាន់ៗក្នុងការធានាឱ្យបាន នូវការប្រើប្រាស់ថាមពល និងចូលរួម​ចំណែកការ​ទប់​ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ៕