(កណ្តាល)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានរួមគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ក្រោយស្ត្រីរងគ្រោះទៅតាមទារលុយដល់ផ្ទះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងទៅទទួលជនដៃដល់រូបមកសួរនាំ ដើម្បីចាត់វិធានការបន្តទៀត។

សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក។

ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឱ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង៕