(ជប៉ុន)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Yuzaki Hidehiko អភិបាលខេត្តហ៊ីរ៉ូស៊ីម៉ា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន រួមទាំង កិច្ចសហការដែលអាចធ្វើទៅបានរវាងខេត្តហ៊ីរ៉ូស៊ីម៉ា និងសមភាគី នៅក្នុងប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាង អាស៊ាន និងប្រទេសសមាជិកអាស៊ាន ជាមួយជប៉ុន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានបន្ដជួបពិភាក្សាការងារជាមួយប្រធានប្រតិបត្តិសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា បណ្ឌិត Ochi Mitsuo។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញបញ្ហាជាច្រើន រួមទាំងសារៈសំខាន់នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេស ក្នុងចំណោមយុវជន។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូអាស៊ាន-ជប៉ុន និងកិច្ចសហការដែលអាចធ្វើទៅបានរវាងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងសមភាគីនៅក្នុងប្រទេសសមាជិកអាស៊ាន។ បន្ទាប់ពីកិច្ចប្រជុំរួច លោកអគ្គលេខាធិការអាស៊ាន បានចូលរួមពិសាអាហារថ្ងៃត្រង់ រៀបចំដោយលោកបណ្ឌិត ប្រធានប្រតិបត្តិសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាផងដែរ។

បន្ទាប់មកទៀត លោកបណ្ឌិត កៅ គឹមហួន បានធ្វើបាឋកថាពិសេស លើប្រធានបទ «តួនាទីយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព និងពង្រឹងវិបុលភាពនៅក្នុងតំបន់ (ASEAN’s Strategic Role in Maintaining Peace and Advancing Prosperity in the Region)»

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីទំនាក់ទំនងចាំបាច់រវាងសន្តិភាព និងវិបុលភាព ព្រមទាំងវិធីដែលអាស៊ាន បានធ្វើឱ្យប្រជាជនអាស៊ានទទួលបានវិបុលភាព ខណៈពេលដែលធានាបាននូវសន្តិភាពនៅក្នុងតំបន់។

បន្ទាប់ពីបញ្ចប់បាឋកថា សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ក៏បានផ្តល់គោរមងារជា «Specially Invited Professor» ជូនដល់លោកបណ្ឌិត កៅ គឹមហួន ផងដែរ៕