(កំពង់ធំ)៖ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារគណបក្សចុះជួយឃុំបល្ល័ង្ក ស្រុកបារាយណ៍ ក្នុងនាមតំណាងលោក សុខ សូកេន បានដឹកនាំការប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ «ទិវាជាតិនៃការចងចាំ» ដោយមានព្រះសង្ឃ តាជី យាយជី ក្រុមការងារថ្នាក់កណ្តាល ស្រុក ឃុំ ពេទ្យ កងរាជអាវុធហត្ថ នគរបាល អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងប្រជាការពារចូលរួមចំនួន៦៤៤អង្គ/នាក់។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវត្តបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍។

ទិវាជាតិនេះបានប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ចនូវសម័យកាលដ៏ខ្មៅងងឹតព្រៃផ្សៃនៃរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងយ៉ាងរង្គាល និងបានធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ដល់ចំណុចសូន្យ។

ប្រជាជនខ្មែរគ្រប់រូបប្តេជ្ញាមិនឱ្យរបបដ៏ឃោរឃៅដយុងឃ្នងនេះត្រឡប់មកសារជាថ្មីម្តងទៀតបានឡើយ ហើយត្រូវតែរួមគ្នាដាច់ខាតការពារតំលៃសន្តិភាពដែលមានសព្វថ្ងៃនេះឱ្យបានគង់វង្ស ដែលថ្នាក់ដឹកនាំនិងចលនារំដោះជាតិ ក្រោមការដឹកនាំតស៊ូយ៉ាងលំបាករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត៕