(កំពង់ស្ពឺ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលជិត១ឆ្នាំ ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត «ខេមបូឌា» ឯ.ក ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកកង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងជំរុញកម្ពុជាឱ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទីដ៏សំខាន់មួយនេះ សម្រាប់បម្រើតម្រូវទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ពិធីសម្ពោធក្រុមហ៊ុននេះ ធ្វើឡើងក្រោមអធិបតីភាព លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ, លោក សំអឿន សុបញ្ញា អភិបាលស្រុកបរសេដ្ឋ និងលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ។

លោក ទ្រី វ៉េង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត (ខេមបូឌា) ឯ.ក បានលើកឡើងថា ក្រុមហ៊ុនរបស់លោក ត្រូវបានចុះបញ្ជីផ្លូវការនៅឆ្នាំ២០២៣ ដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្គត់ផ្គង់ម៉ាស៊ីន ព្រមទាំងគ្រឿងបន្លាស់កែឆ្នៃគ្រាប់ស្វាយចន្ទី ប្រកបដោយគុណភាព មកកាន់ទីផ្សារកម្ពុជា។ លើសពីនេះក្រុមហ៊ុន ក៏បានបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជួយផ្សព្វផ្សាយ ពង្រឹងបទដ្ឋានបច្ចេកទេសកែច្នៃដ៏ត្រឹមត្រូវ នឹងប្រកបដោយសុវត្ថិភាពម្ហូបអាហារ ដែលជាគន្លឹះក្នុងនាំចេញផលិតផលស្វាយចន្ទីពាក់កណ្តាលសម្រេច និងសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។

វីស៊ីភីអិម ថាញ់ដាត ត្រូវបានបង្កើតឡើងដោយ ស្ថាបនិក៣រូប រួមមាន៖ លោក ទ្រី វ៉េង និងលោក ទ្រីន ឡុង ដែលជាវិនិយោគិនកម្ពុជា និងលោក ត្រឹង កុងក្វាន (Tran Cong Quan) ដែលជាវិយោគិនវៀតណាម។ បើតាម លោក ទ្រី វេង, ការបង្កើតក្រុមហ៊ុននេះឡើង ដោយសារតែស្ថាបនិកទាំង៣មើលឃើញថា នៅកម្ពុជានៅមានកង្វះខាតមិនទាន់មានបច្ចេកវិទ្យាកែឆ្នៃសមស្រប សម្រាប់វិស័យចន្ទីកម្ពុជា។ លោកបានបញ្ជាក់ថា៖ «ជាជំហានដំបូងនេះ យើងនឹងផ្គត់ផ្គង់ម៉ាស៊ីន ព្រមទាំងគ្រឿងបន្លាស់កែឆ្នៃពីប្រទេសវៀតណាម ដើម្បីធ្វើតេស្តសាកល្បងពីតម្រូវទីផ្សារកម្ពុជា ជំហានបន្ទាប់ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតម៉ាស៊ីនកែឆ្នៃស្វាយចន្ទី នៅកម្ពុជាតែម្តង»

លោកអគ្គនាយកបានបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់យើង ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ មានគោលបំណងប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទីដ៏សំខាន់មួយនេះ សម្រាប់បម្រើតម្រូវទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក។ លោកបានបន្ថែមទៀតថា ចក្ខុវិស័យនេះជំរុញយើងឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងធានានូវការប្រកាន់ខ្ជាប់នូវ ស្តង់ដារបច្ចេកទេសកែឆ្នៃ បទដ្ឋានសុវត្ថិភាព ចំណីអាហារ និងស្របតាមរបត់ទីផ្សារ ដែលជាតម្រូវការសកលផងដែរ។

ដើម្បីផ្តល់បច្ចេកទេសក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ឲ្យមានគុណភាពល្អ និងមានប្រសិទ្ធភាពខ្ពស់ កាលពីថ្មីៗនេះ ក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត (ខេមបូឌា) ក៏បានចុះអនុសារយោគយល់គ្នា MoU ជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បាននូវសេចក្តីរំភើប និងកោតសសើរ ដល់ក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត ដែលបានពុះពារគ្រប់ឧបសគ្គ រហូតបានបង្កើតក្រុមហ៊ុន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកែច្នៃស្វាយចន្ទី សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ មានគោលបំណង ប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទី។

ក្នុងពិធីសម្ពោធនេះ លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការវនិយោគរបស់ក្រុមហ៊ុនខាងលើនេះពិតត្រឹមត្រូវ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញផលិតផលស្វាយចន្ទី។ លោកបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណា ផ្តល់សេវាកម្មឲ្យបានល្អប្រសើរដល់អតិថិជនរបស់ខ្លួន។

ជាថ្មីម្ដងទៀត លោក វ៉ា រុតសាន បានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធនានារួមមានសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគម សហគមន៍ ក្រុមហ៊ុននានា ទាំងបរទេសនៅកម្ពុជា ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាព្រមទាំងក្រសួងស្ថាប័នមានសមត្ថកិច្ច នឹងចូលរួមសហការគ្នាពង្រឹងវិស័យស្វាយចន្ទីនៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខ បានឆាប់រហ័ស។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន បានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដែលដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕