(សៀមរាប)៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងអាជ្ញាធរស្រុកក្រឡាញ់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន៨ភូមិ ក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងនោះដែរ មានភូមិគោកក្រូច,ភូមិអន្លង់សារ, ភូមិដំណាក់ខ្ចាស់, ភូមិសំបួរ, ភូមិឱម៉ាល់, ភូមិគោកចាស់, ភូមិអំពិល និងភូមិសន្ថន។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប និងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់។

លោក ប៊ូ ជុំសម្បត្តិ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ផងដែរ។ លោកបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ក្នុងគោលបំណងធ្វើការចុះបញ្ជីលើអចលនវត្ថុទាំងអស់ គឺទាំងដីរដ្ឋ និងដីឯកជន ឱ្យបានច្បាស់លាស់ដោយធ្វើការផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លីសំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីធានានូវទំនុកចិត្ត និងប្រសិទ្ធិភាពនៃទីផ្សារដីធ្លី។

លោក ប៊ូ ជុំសម្បត្តិ បានបន្តថា ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសម្រេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែងវិនិច្ឆ័យឈានចូលមកដល់។

លោក សុខ ណារ៉េត បានលើកឡើងថា ដើម្បីសម្រេចទៅដល់ការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)នីមួយៗ គឺមានការងារច្រើនណាស់ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទាំងអស់ រួមទាំងមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ពិសេស គឺអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយនឹងមន្ត្រីជំនាញ ដើម្បីធ្វើការវាស់វែងក្បាលដី ដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ ជាដើម) និងអត្តសញ្ញាណក្បាលដី (ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ លិខិតធ្វើអំណោយផ្តាច់ ) ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែងឈានចូលមកដល់។

លោក សុខ ណារ៉េត បានបន្តថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះទេ បណ្ណ័កម្មសិទ្ធិ គឺជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជំលោះកើតឡើង បញ្ជាក់ថា ខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។

លោកបានកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោងដី ខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដី ដែលកំពុងអនុវត្តចុះកំណត់ព្រំ វាស់វែង ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ ក្នុងស្រុកក្រឡាញ់ ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

លោកក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីក្នុងឃុំសំបួរ ឱ្យបានដឹងគ្រប់ៗគ្នា និងផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ ឱ្យបានជោគជ័យ។

ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន ៤៣៥ភូមិ លើក្រុង/ស្រុកចំនួន១២៖ គឺក្រុងសៀមរាប បានចំនួន៧១ភូមិ, ស្រុកពួក បានចំនួន២៩ភូមិ, ស្រុកប្រាសាទបាគង បានចំនួន៤៩ភូមិ, ស្រុកសូទ្រនិគម បានចំនួន៩០ភូមិ, ស្រុកក្រឡាញ់ បានចំនួន៣៦ភូមិ, ស្រុកជីក្រែង បានចំនួន៤៨ភូមិ ស្រុកបន្ទាយស្រី បានចំនួន២១ភូមិ, ស្រុកអង្គរធំ បានចំនួន១២ភូមិ, ស្រុកស្រីស្នំ បានចំនួន១២ភូមិ, ស្រុកវ៉ារិន បានចំនួន១៦ភូមិ, ស្រុកស្វាយលើ បានចំនួន១៨ភូមិ និងស្រុកអង្គរជុំ បានចំនួន៣៣ភូមិផងដែរ៕