(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សហការជាមួយមណ្ឌលសុខភាពត្បែងមានជ័យ បានចុះអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម គ្រុនឈិក ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៤៣៧នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន ហ្មសែត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ការចុះផ្សព្វផ្សាយអប់រំនេះ គឺក្នុងគោលបំណងអប់រំឱ្យសិស្សានុសិស្សយល់ពីវិធានការការពារជំងឺគ្រុនឈាម គ្រុនឈិក ពិសេសចង់ឱ្យសិស្សានុសិស្សចូលរួមចំណែកជាមួយមន្ទីរសុខាភិបាល ជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណាសម្អាតទីធ្លាផ្ទះគាត់កុំឱ្យមានសម្ភារៈដែលអាចដល់ទឹកបាន ដែលជាជម្រកមុសខ្លា បណ្តាលឱ្យមានជំងឺគ្រុនឈាមកើតលើគ្រួសាររបស់គាត់ ក៏ដូចជាអ្នកជិតខាងរបស់គាត់»

ម្យាងវិញទៀតចង់ឱ្យសាលារៀន ពិសេសគ្រូបង្រៀនត្រូវធ្វើយ៉ាងណាឱ្យសាលារៀនមានអនាម័យ កុំឱ្យបន្ទប់រៀនមានសភាពងងឹត និងកុំឱ្យមានវត្ថុដែលអាចដក់ទឹកដែលអាចបង្កទៅជាមុសខ្លា។ ពិសេស គឺចង់ឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មានការយល់ដឹង បើសិនមានកើតជំងឺគ្រុនក្តៅ ត្រូវធ្វើការបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតបំផុត ហើយកុំប្រើថ្នាំអ្វីផ្តេសផ្តាស ត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញសិន។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមចូលរួមទាំងអស់គ្នាទប់ស្កាត់ជំងឺគ្រុនឈាម ដែលជាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរសម្រាប់ឆ្នាំនេះដល់ប្រជាពលរដ្ឋ ដូច្នេះត្រូវចូលរួមទាំងអស់គ្នាលុបបំបាត់គ្រឿងដក់ទឹកដែលជាជម្រករបស់មុសខ្លា ពិសេសត្រូវសម្អាតអនាម័យ ផ្ទះសំបែងកុំឱ្យមានព្រៃដុះស៊ុនទ្រុប ហើយចំពោះក្នុងផ្ទះត្រូវបើកទ្វារ បង្អួច ធ្វើយ៉ាងណាកុំឱ្យងងឹត។ ចំពោះប្រជាពលរដ្ឋដែលមានមុខរបរដោះដូរសំបកកង់រថយន្ត ទោចក្រយានយន្ត ធ្វើយ៉ាងណាកុំឱ្យសំបកកង់ដែលដោះរួចក្លាយជាកន្លែងដក់ទឹក ឫមួយក៏ប្រើថ្នាំអាល់បែត និងប្រេងម៉ាសុីនចាស់ៗដាក់ក្នុងសំបកកង់ ដើម្បីកុំឱ្យកើតមូសខ្លា៕