(ភ្នំពេញ)៖ លោកអ៊ំ ឯក ស៊ីដូ ជាសិក្ខកាមវ័យ៥៦ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ បានសម្រេចចិត្តចូលរៀនជំនាញជួសជុលទូរស័ព្ទ តាមរយៈកម្មវិធីបណ្ដុះបណ្ដាល១.៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ដោយលោកអ៊ំបានពោលថា ទោះវ័យ៥៦ឆ្នាំ តែលោកអ៊ំនៅតែប្រឹងសង្វាតរៀនជំនាញជួសជុលទូរស័ព្ទ ដើម្បីមានមុខរបរចិញ្ចឹមគ្រួសារ និងចែករំលែកដល់កូនចៅបន្តក្រោយៗទៀត។

លោកអ៊ំ ឯក ស៊ីដូ ចង់រៀនជំនាញបច្ចេកទេសនេះតាំងពីក្មេងមកម្ល៉េះ តែដោយសារប្រទេសជួបសង្គ្រាម ក៏គ្មានឱកាសបានរៀន ហើយលោកអ៊ំក៏បានចូលធ្វើទាហាន រហូតដល់ធ្លាក់ខ្លួនពិការជើងម្ខាង។ ប៉ុន្តែដោយសាររាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ១.៥លាននាក់នេះ ទើបលោកអ៊ំមានឱកាសបានចូលរៀនជាមួយយុវជនដទៃទៀត នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC)។ គិតត្រឹមខែឧសភានេះ លោកអ៊ំសិក្សាបានរយៈពេល៥ខែហើយ ព្រមទាំងទទួលបានជំនាញជាច្រើនបណ្ដើរៗហើយដែរ។

យុវចាស់វ័យ៥៦ឆ្នាំរូបនេះក៏បានអំពាវនាវដល់យុវចាស់ ឬយុវជនផ្សេងទៀត សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នានៅជំហានទី២ កុំឡើយមានការអៀនខ្មាស ព្រួយបារម្ភ ទោះក្នុងស្ថានភាពយ៉ាងណា វ័យប៉ុនណាក៏អាចសិក្សាជំនាញបច្ចេកទេសបានដែរ ព្រោះមានជំនាញជាច្រើនដែលមនុស្សម្នាក់ៗអាចជ្រើសរើសបាន៕

ខាងក្រោមនេះជាវីដេអូសម្ភាសខ្លីរវាងអ្នកសារព័ត៌មានជាមួយលោកអ៊ំ ឯក ស៊ីដូ នាឱកាសដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថាន NPIC អំឡុងចុងខែឧសភា ឆ្នាំ២០២៤៖