(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញជំនឿជឿជាក់ថា យុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នឹងបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ ប្រាកដនិយម និងមិនរវើរវាយនោះទេ។ យុទ្ធនាការនេះដើម្បីចែកជូនប្រជាសហគមន៍ ដាំលើផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតនៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។

ការបង្ហាញជំនឿបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើនៅឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ធ្វើសន្និសីទសារព័ត៌មាន មុនការរៀបចំតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការប្រែប្រួលអាកាសធាតុពិភពលោក គឺមានពិតហើយការប្រែប្រួលអាកាសធាតុនេះ ត្រូវបានទទួលនូវការយកចិត្តទុកដាក់ពីសំណាក់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ ដោយឡែកសម្រាប់កម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើសកម្មភាពជាច្រើន ដើម្បីចូលរួមចំណែកទប់ការប្រែប្រួលអាកាសធាតុជាសកល តាមរយៈការដាក់ចេញនូវយុទ្ធនាការជាច្រើនលើវិស័យបរិស្ថាន។ ដោយក្នុងរយៈពេលជាង៨ខែ សម្រាប់អាណត្តិ៧ ក្រសួងបរិស្ថានបានជំរុញការបណ្តុះកូនឈើរហូត ១លាន ២សែនដើម សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «តាមរយៈការដាក់ចេញនូវយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ នៅពេលដែលគាត់ដាំ គាត់ថែទាំងអ្នកស្រឡាញ់បរិស្ថានច្រើនណាស់ មិនមែនមានតែក្រុមអង្គការសង្គមស៉ីវិលប៉ុន្មាននាក់ ដើរតែនិយាយមិនធ្វើនោះទេ ប្រជាពលរដ្ឋ១៧លាននាក់ ខ្ញុំជឿថាមិនក្រោម ៨០ភាគរយទេ ស្រឡាញ់បរិស្ថាន ខ្ញុំជឿថាជំហ៊ានរបស់ក្រសួងបរិស្ថានយើង កំពុងតែបោះជំហ៊ានទៅយ៉ាងស្វាហាប់ និងប្រាកដនិយម មិនរវើរវាយទេ ថាហើយធ្វើ ធ្វើហើយបោះជំហ៊ានទៅមុខ អ៊ឹចឹងទេ ខ្ញុំមានសុទិដ្ឋិនិយម ចំពោះយុទ្ធនាការពន្លកបៃតងហ្នឹង»។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត លើកឡើងថា សម្រាប់យុទ្ធនាការនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន គឺមានការចូលរួមលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ រួមជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែររាប់លាននាក់ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញនូវសុទិដ្ឋិនិយមថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» នឹងសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់«ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។

លើសពីនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានប្រកាសដាំស្តារព្រៃ រាប់ពាន់ហិកតា ដែលដកហូតបានកាលពីពេលថ្មីៗកន្លងមកនេះ ពីសំណាក់ជនខិលខូច លួចកាប់ ទន្រ្ទានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងរដូវស្សារនាពេលខាងនេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងផងដែរថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងលើក ជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕