(ភ្នំពេញ)៖ លោក សុខ វាសនា អតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្ទឹងត្រែង សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿលើជោគវាសនារបស់ក្រុមប្រឆាំង ដែលប្រៀបដូចជាពស់ដាច់ក្បាល។
លោក សុខ វាសនា បានរួមរស់ និងធ្វើសកម្មភាពជួយគណបក្សប្រឆាំងលើសមរភូមិនយោបាយនៅខេត្តស្ទឹងត្រែងជាច្រើនឆ្នាំមកហើយ ក៏ព្រោះតែមានក្តីសង្ឃឹមថាគណបក្សប្រឆាំងអាចជួយសង្គមជាតិស្របតាមទស្សនៈរបស់ខ្លួន។
ប៉ុន្តែជាក្តីខកបំណងដ៏ខ្លាំងចំពោះជោគវាសនាគណបក្សប្រឆាំងដែលត្រូវបានរិចរិល បែកបាក់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះតែការដឹកនាំមិនបានត្រឹមត្រូវពីក្រុមមេដឹកនាំ ជាពិសេសលោក សម រង្ស៉ី។
បន្ទាប់ពីការអស់សង្ឃឹមចំពោះដំណើរជីវិតនយោបាយជាមួយបក្សប្រឆាំង លោក សុខ វាសនា បានសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលវិញ។ លោកបានមើលឃើញថា បក្សប្រជាជនកម្ពុជា មានគោលជំហរ និងនយោបាយដឹកនាំជាតិមួយដ៏ច្បាស់លាស់ ជាពិសេសការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោក សុខ វាសនា បានគោរពសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យរូបលោកបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដោយក្តីអនុគ្រោះ៕