(កំពង់ចាម)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យស្ថានភាពផ្លូវជនបទ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម អមដោយវត្តមានលោកអភិបាលខេត្តកំពង់ចាម​ មន្ត្រីមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប១៦,៨៥០ម៉ែត្រ ចាប់ផ្ដើមពីចំណុចផ្សារផ្អាវ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ឆ្លងកាត់ឃុំជើងព្រៃ ឃុំទំនប់ ឃុំសណ្ដែក និងឃុំគ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅដល់ភូមិព្រៃត្រី ឃុំព្រៃត្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ តាមការចុះពិនិត្យជាក់ស្ដែង ផ្លូវនេះមានការខូចខាតជាកំណាត់ៗចំនួន៤កំណាត់ ដែលមានប្រវែងខូចខាត៧,៤០០ម៉ែត្រ បង្កឱ្យមានការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាជន។

បន្ទាប់មក លោករដ្ឋមន្ត្រីបានបន្តពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង៣,៩២៥ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួស១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអណ្ដូងស្នាយទៅដល់ភូមិស្រយ៉ង់ពង ឃុំជើងព្រៃ ស្រុកបាធាយ ដែលជាលទ្ធផលសម្រេចបាន៣០% ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន។

ក្រោយពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពផ្លូវ២ខ្សែរួចមកទៀត លោករដ្ឋមន្ដ្រីបានពិនិត្យស្ពានចំនួន២កន្លែងទៀត ដោយស្ពានទី១-ស្ពានបេតុងប្រវែង៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ និងស្ពានទី២-ស្ពានឈើប្រវែង៣៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន។ ក្នុងការពិនិត្យស្ពានទី២នេះផងដែរ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេសសិក្សា ដើម្បីដាក់ចូលក្នុងគម្រោងថវិកានាឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕