(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលបាននិងកំពុងបន្ដបើកវគ្គបំប៉នជំនាញដល់ភ្នាក់ងារសន្ដិសុខឯកជននៅទូទាំងប្រទេស។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦០។ វគ្គលើកទី៦០នេះ សិក្ខាកាមសរុបចំនួន១៤២នាក់ /ស្រី២នាក់ ក្នុងនោះនគរបាលជាតិ៤នាក់, ក្រុមហ៊ុនផ្ដល់សេវា៧១ ស្មើ៨៦នាក់/ស្រីម្នាក់ និងសហគ្រាស គ្រឹះស្ថាន២៨ ស្មើ៥២នាក់/ស្រីម្នាក់។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានគូសបញ្ជាក់ថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មានសមត្ថភាពចំពោះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើន។

បើទោះបីវគ្គបំប៉នជំនាញត្រូវបានបើកជាបន្ដបន្ទាប់យ៉ាងណាក្ដី លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានស្នើនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន បន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត។

ដោយឡែក សម្រាប់ភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញវិញ លោកបានស្នើឲ្យប្រកាន់ខ្ជាប់ឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

លើសពីនេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានស្នើដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល) ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។ ខណៈសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦០លើក មានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១០,២១៥នាក់ (ស្រី២២០នាក់) និងសិក្ខាកាមជា នគរបាលជាតិ ចំនួន ២៤៧នាក់ (ស្រី២០នាក់)។

លោកបន្ដថា កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គបំប៉នជំនាញកន្លងមកនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើអោយវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ ភ្នាក់ងារសន្តិសុខឯកជន ដែលទទួលបានការបំប៉នជំនាញ គឺបានផ្ដល់ជូននូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានប័ណ្ណសម្គាល់ភ្នាក់ងារសន្តិសុខឯកជន ចេញដោយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីធ្វើការគ្រប់គ្រង និងគាំពារ៕