(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

ការចូលក្រាបបង្គំគាល់នេះ បានប្រព្រឹត្ដទៅបន្ទាប់ពីទទួលបានព្រះរាជានុញ្ញាត ពីព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

សម្រាប់គណៈប្រតិភូអញ្ជើញអមដំណើរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា, លោកស្រី ជឹង សុភាព ឡាវម៉េងឃីន អនុប្រធាន, លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, លោក ពិត ចំណាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ,
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក ឌួង អេលីត នាយកពិធីការ។

តាមសេចក្ដីប្រកាសព័ត៌មាន​របស់កាកបាទក្រហមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបានឱ្យដឹងថា ក្នុងឱកាសដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ក្រាបបង្គំទូលថ្វាយសម្ដេច ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នេះ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទូលថ្វាយរបាយការណ៍អំពីសមិទ្ធផលការងារ និងទិសដៅបន្តរបស់កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយកន្ត្រកផ្កាដ៏ស្រស់ល្អ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងកន្ត្រកផ្កាដ៏ស្រស់ស្អាតមួយកន្ត្រកទៀត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនូវមនោសញ្ចេតនាស្វាមីភក្តិ ប្រកបដោយការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជានិមិត្តរូបនៃការចម្រើននូវសិរីសួស្តី ជ័យមង្គល ព្រះបរមសុខ ព្រះជន្មវស្សាយឺនយូរ ថ្វាយព្រះអង្គទាំងទ្វេ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៏ដ៏មានតម្លៃខ្ពង់ខ្ពស់ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ទទួលបានសៀវភៅស្តីអំពីព្រះរាជសកម្មភាពសង្គមកិច្ចមនុស្សធម៌ និងព្រះរាជសមិទ្ធផលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានដល់ប្រជារាស្ត្រនៅតាមបណ្តាខេត្តទូទាំងប្រទេស ក្នុងឆ្នាំ២០២៣។

ព្រមជាមួយនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៏ដ៏មានតម្លៃខ្ពង់ខ្ពស់ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានសៀវភៅស្តីអំពីការរីកចម្រើនរុងរឿងលើគ្រប់វិស័យក្នុងសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ច ដឹកនាំដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សៀវភៅស្តីអំពីកម្រងបទភ្លេង និងចម្រៀងដ៏ពិរោះៗ ព្រះរាជនិពន្ធដោយស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាវប្បធម៌សិល្បៈជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សៀវភៅស្តីអំពីទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ ដែលព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានបំពេញនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ក្នុងការរិះរកនូវគ្រប់មធ្យោបាយដ៏មានប្រសិទ្ធិភាពខ្ពស់ សម្រាប់ធ្វើជាមូលដ្ឋាន ជាយុទ្ធសាស្ត្រនៃកិច្ចចរចា ដោយសន្តិវិធី រហូតទាមទារបានមកវិញ ១០០% នូវកេតនភណ្ឌឯករាជ្យ សេរីភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ ជាទីស្នេហារបស់ព្រះអង្គ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសៀវភៅស្តីអំពីព្រះរាជពិធីបុណ្យចម្រើនជន្មាយុគម្រប់៧០ យាងចូល៧១ ព្រះវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសន្ទរកថាថ្វាយព្រះពរ និងរបាយការណ៍សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ថា
«ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាជ្រាបថា កាកបាទក្រហមកម្ពុជា នឹងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ដោយមានពិធីសូត្រមន្តចំរើនព្រះបរិត្ត រាប់បាត្រ ព្រះសង្ឃ ចំនួន ៨៩ព្រះអង្គ»។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា សហការជាមួយទូរទស្សន៍ជាតិកម្ពុជា ផលិតកម្មវិធីសិល្បៈ ចម្រៀង របាំប្រពៃណី និងវីដេអូឯកសារកម្រងព្រះរាជសកម្មភាពសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាក់ផ្សាយតាមទូរទស្សន៍ជាតិ នៅថ្ងៃទី១៧-១៨ និង១៩ ខែមិថុនា។ ទន្ទឹមនឹងនេះដែរ សាខាទាំង២៥រាជធានី-ខេត្ត នឹងថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រមទាំងរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ចំពោះព្រះសង្ឃ តាមប្រពៃណីជាតិ នាថ្ងៃទី១៧ និងទី១៨ ខែមិថុនា។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះអង្គ ដោយមានព្រះរាជកិច្ចគាំទ្រ និងព្រះរាជូបត្ថម្ភព្រះរាជទ្រព្យពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រចាំខែ ប្រចាំត្រីមាស និងក្នុងឱកាសទិវា ៨ ឧសភា រួមជាមួយមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានផងនោះ កាកបាទក្រហមកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗដូចតទៅ៖

១៖ ក្នុងការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមមូលបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ទីស្នាក់ការកណ្តាល មកដល់ថ្ងៃទី១៧ ខែឧសភា សម្រេចបានមូលនិធិ គិតជាប្រាក់ដុល្លារអាម៉េរិក ចំនួន ១១លាន ២សែន ២,០២១ ដុល្លារ និងរថយន្តភីកអាប់ចំនួនមួយគ្រឿង អង្ករ ១៣តោន និងទឹកស៊ីអ៊ីវ ១០០យួរ ចំណែកនៅតាមសាខាខេត្ត ២៤ទៀត បាននឹងកំពុងដំណើរការ កៀរគររកមូលនិធិ តាមលទ្ធភាពរៀងៗខ្លួន។

២៖ ក្នុងឆ្នាំ២០២៣ និង៤ខែ ដើមឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានអនុវត្តការងារតាមវិស័យអាទិភាពទាំង ៤ ដែលមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាពតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន ដែលក្នុងនោះជារួមសម្រេចបាន៖

* ឧបត្ថម្ភគ្រួសារយោធិនពលី ២០នាក់ និងរបួស១៤នាក់ ដោយការផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ និងឧបត្ថម្ភអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួន។
* ជួយសម្រាលជីវភាពប្រជារាស្ត្រងាយរងគ្រោះបំផុតចំនួន ១០ម៉ឺន ៩ ៨០២ គ្រួសារ បានកសាង និងជួសជុលផ្ទះ ២៤៧ខ្នង បង្គន់អនាម័យ ២៦៨ បន្ទប់ អណ្តូងស្នប់ធំ១៦ កន្លែងលាងសម្អាតដៃមួយកន្លែង។
* ផ្តល់មូលនិធិមួយលានដុល្លារ ឆ្នាំទី ១២ ជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាចំនួន ២ម៉ឺនដុល្លារ ឆ្នាំទី៥ ជូនមន្ទីរពេទ្យកុមារអង្គរសៀមរាប។
* ឧបត្ថម្ភថវិកា ស្បៀង និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា សិស្សក្រីក្រ ចាស់ឥតទីពឹង អ្នកពិការ នៅតាមមណ្ឌល អង្គការ សមាគមចំនួន៧ ។
* ផ្តល់ប្រាក់កម្ចីឥតការប្រាក់ចំនួន ៨៦៨គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីនក្នុងខេត្តពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ ដោយឡែក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានពង្រីកការអប់រំផ្សព្វផ្សាយ ស្តីពីការថែទាំសុខភាពបឋម ការការពារជំងឺមិនឆ្លង និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ រួមជាមួយបំផុសការប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ដែលមានសិស្សចូលរួមគូរចំនួន ១,៧២៤នាក់ សម្រេចបានជ័យលាភីថ្នាក់ខេត្តចំនួន ១១៧នាក់ ជ័យលាភីថ្នាក់ជាតិ ៣នាក់ និងលួងចិត្ត ៣នាក់។

៣៖ ទីស្នាក់ការកណ្តាលបានបន្តពង្រឹងការងារជាមួយសាខាទាំង ២៥រាជធានីខេត្ត បានពង្រឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាពរបស់សាខា តាមរយៈការធ្វើសវនកម្មផ្ទៃក្នុង និងធ្វើបច្ចុប្បន្នកម្ម បញ្ជីសារភណ្ឌប្រចាំឆ្នាំ។ សាខាចំនួន ៤ បានចងសម្ព័ន្ធភាព ជាមួយគ្នា ពោលគឺសាខាខេត្តព្រះសីហនុ ជាមួយសាខាខេត្តស្ទឹងត្រែង សាខាខេត្តកណ្តាល ជាមួយសាខា ខេត្តរតនគិរី និងសាខាខេត្តកំពង់ចាមជាមួយសាខាខេត្តមណ្ឌលគិរី ។

៤៖ កាកបាទក្រហមកម្ពុជា សម្រេចបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយប្រតិភូមកពីសមាគមជាតិទាំង១១ រួមទាំង ICRC (អាយ.ស៊ី.អរ.ស៊ី) សហព័ន្ធអន្តរជាតិ និងអគ្គលេខាធិការអាស៊ានផង បានចូលរួមដាំដើមឈើ ២ពាន់ដើម និងសម្រេចបាននូវសេចក្តីថ្លែងការណ៍ រាជធានីភ្នំពេញ។ ប្រតិភូចូលរួមបានវាយតម្លៃចំពោះកាកបាទក្រហមកម្ពុជា ថាជាសមាគមជាតិ ដែលមានភាពឈ្លាសវៃ រចនាសម្ព័ន្ធរឹងមាំ មានធនធានមនុស្ស និងថវិកា ដែលម្ចាស់ការឆ្លើយតបបានក្នុងបេសកកម្មមនុស្សធម៌។ ជាមួយគ្នានេះ ប្រតិភូអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលបានទទួលរ៉ាប់រងចំណាយទាំងស្រុងលើការស្នាក់នៅ ថ្លៃអាហារ បន្ទប់ប្រជុំ មធ្យោបាយធ្វើដំណើរ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរួសរាយគ្រប់ពេលវេលា គ្រប់ទីកន្លែង។

៥៖ កាកបាទក្រហមកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាពិសេស ជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក និងបានចូលរួមសកម្មក្នុងកិច្ចការអន្តរជាតិ ដែលជារួម៖
* បានបន្តបង់វិភាគទាន ជូនទៅសហព័ន្ធអន្តរជាតិ អាយ.ស៊ី.អរ.ស៊ី ក្រុមប្រឹក្សាប្រតិភូ និងបានផ្ញើរបាយការណ៍សវនកម្ម ជូនទៅសហព័ន្ធអន្តរជាតិ តាមកាលកំណត់។
* បានផ្តល់វិភាគទានមួយម៉ឺនដុល្លារ ឧបត្ថម្ភដល់ការរៀបចំសន្និសីទអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។
* បានបញ្ជូនប្រតិភូយុវជនកាកបាទក្រហម មន្ត្រីជំនាញទៅចូលរួមក្នុងកិច្ចប្រជុំនានា ដែលរៀបចំឡើង ក្នុងភូមិភាគ អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
* បានទទួលគណៈប្រតិភូយុវជន ២ក្រុម មកពីកាកបាទក្រហមសាធារណរដ្ឋកូរ៉េ, ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូ កាកបាទក្រហមឡាវ, សិង្ហបូរី និងនិស្សិតពេទ្យនៃកាកបាទក្រហមជប៉ុន។

៦៖ ក្នុងទិសដៅការងារបន្ត កាកបាទក្រហមកម្ពុជា នឹង៖
* ជំរុញការពង្រឹង ពង្រីកបណ្តាញយុវជន និងកសាងសមត្ថភាពយុវជនជាអ្នកដឹកនាំវ័យក្មេង។
* បន្តពង្រឹងភាពធន់សហគមន៍ ត្រៀមបង្ការ និងបន្ស៊ាំនឹង ការប្រែប្រួលអាកាសធាតុ។
* បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងលើកកម្ពស់វប្បធម៌សន្ទនា ដោះស្រាយបញ្ហាប្រឈមថ្មីក្នុងវិស័យ មនុស្សធម៌ ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមលើកហត្ថប្រណម្យបួងសួង គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទ្ធិតេជះបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមីដួងព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមប្រោសព្រះរាជទាន ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយព្រះអង្គទាំងទ្វេ បានប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេស ជ្រកកោនរៀងដរាបតទៅ។

ដោយគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ខ្ញុំម្ចាស់ និងសហការីនៅទូទាំងប្រទេស សូមប្តេជ្ញាដង្ហែតាមលំអាន ព្រះរាជវីរៈគំរូដ៏ល្អប្រពៃថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជារៀងដរាប។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសុន្ទរកថាសារលិខិតថ្វាយព្រះពរ របាយការណ៍ និងថវិកាចំនួន ៥០ម៉ឺនដុល្លាអាមេរិក ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងថ្វាយសុន្ទរកថាសារលិខិតថ្វាយព្រះពរ របាយការណ៍ និងថវិកាចំនួន ៥០ម៉ឺនដុល្លាអាមេរិក ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ដ៏ឧត្តុងឧត្តម របស់ព្រះអង្គទាំងទ្វេឱ្យសម្រេចទទួលបានមហាជោគជ័យដ៏ធំធេងជាបន្តទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ពិត ចំណាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូលថ្វាយរបាយការណ៍ស្ដីពីការងារអភិវឌ្ឍន៍យុវជនកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារដើមជាអាទិ៍ថា៖

យុវជនកាកបាទក្រហមកម្ពុជា ដែលក្នុងលក្ខន្តិកៈរបស់សមាគមជាតិយុវជន និងអ្នកស្ម័គ្រចិត្ត គឺជាឆ្អឹងខ្នងរបស់ចលនា និងជាកម្លាំងចលករពុំអាចខ្វះបានឡើយ ក្នុងបេសកកម្មមនុស្សធម៌នៅតាមគ្រឹះស្ថានសិក្សា និងក្នុងសហគមន៍។ យុវជនកាកបាទក្រហមកម្ពុជា បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៦ មានចំនួនត្រឹមតែ ១ពាន់នាក់ តាមសាខាចំនួន ៣។ មកដល់ឆ្នាំ២០០៦ កាកបាទក្រហមកម្ពុជា ពង្រីកកម្លាំងយុវជនបានចំនួន ៥ ៩៣៤នាក់ នៅសាលាបឋមសិក្សា និងមធ្យមសិក្សាក្នុង រាជធានី ខេត្ត១៩។

មកដល់ឆ្នាំ២០១០ កាកបាទក្រហមកម្ពុជា ចាប់ផ្ដើមពង្រីកដល់ថ្នាក់ឧត្តមសិក្សា តាមការតម្រង់ទិសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយបានបង្កើតឱ្យមានគណនីសម្រាប់ការងារយុវជនដោយឡែកមួយ។ ដូចនេះហើយ ក្នុងឆ្នាំ២០១០នោះ កម្លាំងយុវជនបានកើនឡើងដល់ចំនួន ១៤ ៦៧៦នាក់ នៅតាមសាខាចំនួន ២៤ រាជធានី ខេត្ត និងបានបន្ដកើនដល់ចំនួន ២៦ ៩៦១នាក់ នៅតាមសាខារាជធានី ខេត្តទាំង ២៥ នៅឆ្នាំ២០២០។

ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២៣ កម្លាំងយុវជនបានបាត់បង់កម្លាំងអស់ ១ពាន់ ១រយនាក់។ ដូចនេះក្នុងមហាសន្និបាតអាណត្តិទី៧ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានជំរុញការពង្រឹង និងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជាឡើងវិញ រហូតមកដល់ថ្ងៃនេះ កាកបាទក្រហមកម្ពុជា សម្រេចបានការកសាងកម្លាំងយុវជនឡើងដល់ចំនួន ៣១ ០៩៣នាក់ ក្នុងនោះនៅឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញកើន ចំនួន ៣ ៦៩២នាក់ ដែលបាននឹងកំពុងទទួលការបណ្ដុះបណ្ដាលការយល់ដឹងជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្ដរជាតិ តួនាទី ភារកិច្ចយុវជនស្ម័គ្រចិត្តក្នុងបេសកកម្មមនុស្សធម៌ រួមជាមួយវិជ្ជាសង្គ្រោះបឋម ដោយមានការជួយបច្ចេកទេស និងថវិកាពីថ្នាក់កណ្ដាល។

ក្នុងឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា បានបណ្តុះបណ្តាលយុវជនក្នុងភាពជាអ្នកដឹកនាំ ចំនួន ៥៦នាក់ ឱ្យទៅជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថ និងបានចូលរួមយ៉ាងសកម្មក្នុងវេទិកាយុវជន លើកទី២ នៃសមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ និងចូលរួមក្នុងការបោះជំរំ និងសិក្សាផ្លាស់ប្ដូរបទពិសោធន៍ជាអន្ដរជាតិថែមទៀតផង។ ជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស បានចូលរួមក្នុងការឆ្លីយតបគ្រោះមហន្តរាយ ដាំដើមឈើ ការកាត់បន្ថយការប្រើថង់ប្លាស្ទិក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកសាងភាពធន់សហគមន៍ និងជាពិសេសការលើកកម្ពស់សុខភាពល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ផ្តោតលើមូលធនមនុស្សមានសុខភាពល្អ និងមានសមត្ថភាព។

ក្នុង៤ខែ ដើមឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា សម្រេចបាន៖
* បន្ដពង្រឹងកម្លាំងយុវជនដែលមានស្រាប់ និងពង្រីកកម្លាំងថ្មីតាមគ្រឹះស្ថានសិក្សាទាំង៦៥៦។
* បានបណ្ដុះបណ្ដាលគ្រូបង្គោល ចំនួន៧៩នាក់។
* បានបោះជំរំយុវជន១លើក នៅខេត្តព្រះសីហនុ មានអ្នកចូលរួមសរុប ២៣៤នាក់ មកពីទីស្នាក់ការកណ្ដាល និងសាខា ៦ គឺ៖ ស្ទឹងត្រែង សៀមរាប កំពត កោះកុង កែប និងសាខាខេត្តកំពង់ស្ពឺ។
* បានចូលរួមជាមួយនិស្សិតឯទៀត ក្នុងការប្រារព្ធពិធីសប្បុរសធម៌តាមគ្រឹះស្ថានសិក្សារៀងៗខ្លួន កៀរគរមូលនិធិ ដើម្បីសកម្មភាពមិត្ត-ជួយ-មិត្ត ទៅជួយឧបត្ថម្ភលើកទឹកចិត្តចំពោះ សិស្ស/និស្សិតមានជីវភាពខ្វះខាត ដូចដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែណែនាំ «ដាច់ខាត មិនត្រូវឱ្យនិស្សិតណាម្នាក់បោះបង់ការសិក្សា ដោយយុវជនកាកបាទក្រហមកម្ពុជាយើង មិនបានជួយសោះនោះឡើយ»។
* ក្លឹបយុវជនដឹកនាំសកម្មភាព អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ធ្វើជាគំរូក្នុងការជៀសឆ្ងាយពីគ្រឿងញៀន ចូលរួមលើកកម្ពស់សុខភាពល្អអនាម័យ បរិស្ថានស្អាត និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។
* បានផ្តល់អាហារូបករណ៍ដល់យុវជនដែលចង់បន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា និងជួយសម្របសម្រួលឱ្យបានសិក្សាមុខវិជ្ជា ដែលខ្លួនពេញចិត្ត។

ក្នុងទិសដៅបន្ត គឺអនុវត្តនូវទិសដៅរួម ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយរួចមកហើយ គឺជំរុញការពង្រឹង ពង្រីកបណ្តាញយុវជន និងកសាងសមត្ថភាពយុវជនជាអ្នកដឹកនាំវ័យក្មេង ដែលក្នុងផែនការសកម្មភាពចំពោះមុខគឺ៖
* រៀបចំបំពាក់កន្សែងយុវជនចំនួន ៣ ៦៩២នាក់ មកពី ២៥ គ្រឹះស្ថានឧត្តមសិក្សា។
* បំប៉នជំនាញដល់គ្រូបង្គោល និងទីប្រឹក្សាយុវជន។
* បន្តផ្តល់អាហារូបករណ៍ និងជួយនិស្សិតមានជីវភាពខ្វះខាត។
* រៀបចំយុទ្ធនាការសំខាន់ៗ តាមវិស័យអាទិភាព ដូចជាការបរិច្ចាគឈាម ការដាំដើមឈើ ការកាត់បន្ថយប្លាស្ទិក សុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់សុខភាពល្អ។
* លើកកម្ពស់យុវជនចូលរួមវេទិកា និងកិច្ចពិភាក្សា លើកកម្ពស់ចំណេះដឹងសាធារណៈ និងទស្សនកិច្ចសិក្សាផ្លាស់ ប្ដូរបទពិសោធន៍ បោះជុំរំយុវជន ថ្នាក់ជាតិ ថ្នាក់អន្ដរជាតិ។

មានព្រះរាជឱង្ការប្រោសព្រះរាជទាននូវការសំណេះសំណាលក្នុងឱកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គផ្ទាល់ សូមទទួលស្វាគមន៏យ៉ាងរាក់ទាក់កក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូដល់ឧត្តុងឧត្តមរបស់កាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរព្រះអង្គទាំងទ្វេ និងទូលថ្វាយអំពីសកម្មភាពការងារដ៏វិសេសវិសាលរបស់កាកបាទក្រហមកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជឱង្ការកោតសរសើរដល់ស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឬទ័យ ចំពោះជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា ដែលបានសម្រេចឡើងក្រោមកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតី ស្នេហាជាតិ ស្នេហាមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការដឹកនាំប្រកបទៅដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងហ៊ានលះបង់ ទាំងកម្លាំងកាយ បញ្ញា ស្មារតី ព្រមទាំងបរិច្ចាគនូវធនធានផ្ទាល់ ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ពីសមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត ដៃគូសហប្រតិបត្តិការ និងកម្លាំងមនុស្សធម៌ទាំងមូល ក្នុងការអនុវត្តនូវរាល់សកម្មភាពគ្រប់ផ្នែករបស់កាកបាទក្រហមកម្ពុជា បានចម្រើនលូតលាស់ដោយឥតឈប់ឈរ ជាពិសេសលើការងារមនុស្សធម៌នៃការជួយសង្គ្រោះប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រទទួលរងគ្រោះដោយធម្មជាតិ ដោយឧប្បទ្ទវហេតុផ្សេងៗ ជនចាស់ជរាគ្មានទីពឹងពុំនាក់ កុមារកំព្រា កុមារអនាថាជួបការលំបាក រស់នៅតាមទីកន្លែងនានា ការកសាងសមទ្ធិផលសំខាន់ៗមានដូចជា អណ្តូងទឹកស្អាត បង្គន់អនាម័យ លំនៅដ្ឋាន ជូនប្រជារាស្ត្រក្រីក្រ អតីតយុទ្ធជន ជនពិការ និងការលើកកម្ពស់សុខុមាលភាពជាដើម។

ទន្ទឹមនឹងនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជឱង្ការកោតសរសើរចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមគ្គុទេសក៏ដ៏ឆ្នើមក្នុងសកម្មភាពមនុស្សធម៌ ធ្វើឲ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់មានសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ។

ស្ថិតក្នុងឱកាសដ៏នក្ខត្តឬក្សនោះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទប្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ មានព្រះរាជសុវណ្ណីប្រោសព្រះរាជទាននូវការសំណេះសំណាល ដោយសេចក្តីនឹករលឹកសាក សួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏ឧត្តុងឧត្តមរបស់កាកបាទក្រហមកម្ពុជា ដែលមានវត្តមានក្នុងព្រះរាជសវនការដ៏វិសេសនេះ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសុវណ្ណីចូលរួមអបអរសាទរ ដោយសេចក្តីកោតសរសើដ៏ស្មោះស័្មគ្រអស់ពីដួងព្រះរាជហឬទ័យថែមទៀត ចំពោះសកម្មភាពកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យការងារគ្រប់ផ្នែក ពិសេសការបំពេញបេសកកម្មមនុស្សធម៌ បានប្រព្រឹត្តទៅក្នុងភាពប្រសើរថ្លៃថ្លានៃការជួយសង្គ្រោះអាយុជីវិតប្រជារាស្ត្រទីទ័លក្រ ជនចាស់ជរាគ្មានទីពឹងពុំនាក់ ប្រជារាស្ត្រជួបការលំបាកដោយគ្រោះមន្តហរាយនៃធម្មជាតិ ឧប្បទ្ទវហេតុ និងជំងឺដង្កាត់ផ្សេងៗ នៅគ្រប់ទីកន្លែង ទទួលបានជោគជ័យជារៀងរហូតមក។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុវណ្ណីកោតសរសើរយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពដ៏បរិបូរណ៏ ប្រជារាស្ត្រមានជីវភាព រស់នៅកាន់តែល្អប្រសើរ។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជហឬទ័យយ៉ាងជ្រាលជ្រៅដោយសូមអោយព្រះរាជាណាចក្រកម្ពុជា បន្តការរួបរួមគ្នា មានសុខសន្តិភាពយូរអង្វែង និងប្រទេសជាតិកាន់តែមានការរីកចម្រើនឡើងថែមទៀត។

ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានពរជ័យមង្គលជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់រូប សូមសម្រេចទទួលបានជោគជ័យយ៉ាងធំធេងថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានប្រកបនូវពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន នូវការថតរូបទុកជាអនុស្សាវរីយ៏នៃទិវាប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នេះ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូកាកបាទក្រហមកម្ពុជាគ្រប់រូប៕