(កំពង់ស្ពឺ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉ា រុតសាន បានលើកចិត្តឱ្យ វិនិយោគិន រោងចក្រ សហគ្រាសស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ខិតខំបំពាក់ម៉ាស៊ីន និងគ្រឿងបន្លាស់កាន់តែទំនើប និងមានគុណភាព ជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យកាន់តែច្រើនឡើង សំដៅរួមគ្នាឈានទៅសម្រេចគោលនយោបាយជាតិ ឆ្នាំ២០២៧។

រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន បានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ គោលនយោបាយនេះ ជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិជាដើម។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ «ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លោក វ៉ា រុតសាន បានលើកឡើងដូច្នេះថា «នៅក្នុងយុទ្ធសាស្ត្រគោលនយោបាយស្ដីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ គឺជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីទទួលបាននូវតម្លៃបន្ថែម។ អញ្ចឹងការរៀបចំបង្កើតជារោងចក្រ ការរៀបចំជាមជ្ឈមណ្ឌលក្នុងការបណ្ដុះបណ្ដាល វាជារឿងត្រឹមត្រូវ»។

លោកបានប​ន្តថា «នៅពេលដែលអនុវត្ត ជាសំខាន់ទៅលើអ្នកដែលមកវិនិយោគថា តើគាត់ធ្វើបានល្អដល់កម្រិតណា ដើម្បីការអូសទាញអ្នកដទៃមក ក៏ដូចជាការលក់គ្រឿងបន្លាស់ម៉ាស៊ីនរបស់គាត់។ គ្រឿងបន្លាស់ គឺត្រូវតែមានការបណ្ដុះបណ្ដាល ក៏ត្រូវតែមានការចុះទៅមើល នៅពេលដែលគ្រឿងចក្ររបស់យើងដំឡើងនៅកន្លែងណាមួយដែលទិញមានបញ្ហា គឺយើងត្រូវតែប្រញាប់ទៅមើល»។

លោកបានបន្ដទៀតថា ជាធម្មតាកាលណាម៉ាស៊ីនកែច្នៃប្រសិទ្ធភាព ហើយការអូសទាញមនុស្សមកឱ្យចូលរួមធ្វើវិនិយោគគ្រឿងម៉ាស៊ីនបានច្រើន ក៏ដូចជាការកែច្នៃឱ្យបានច្រើន វានឹងបង្កើនបរិមាណនៃការកែច្នៃស្វាយចន្ទនៅកម្ពុជា ដែលយើងនឹងអាចឈានទៅតាមគោលនយោបាយជាតិ ដែលថា នៅឆ្នាំ២០២៧ យើងចង់ឱ្យការបកគ្រាប់ស្វាយចន្ទីឲ្យបាន ២៥% នៃផលិតផលសរុបរបស់ស្រុកយើង។

បន្ថែមពីនេះ លោករដ្ឋលេខាធិការបានបន្ដទៀតថា បច្ចុប្បន្នយើងមើលឃើញថា វិនិយោគិនបានកើនកាន់ច្រើន ហើយអ្នកវិនិយោគដទៃទៀតក៏កំពុងតែមកបណ្ដាក់ទុនបង្កើតជារោងចក្រ ការប្រមូលទិញដើម្បីលក់ ឬក៏កែច្នៃផងដែរ។

ស្វាយចន្ទី អាចយកមកកែច្នៃបានជាច្រើនរួមមាន៖ ទឹកដោះគោស្វាយចន្ទី ស្វាយចន្ទីលីង ស្វាយចន្ទីអាចយកទៅធ្វើឈីស សំបកដែលនៅសល់អាចធ្វើជាចំណីសត្វ ហើយអាចគៀបយកប្រេង ហើយប្រេងគេយកទៅលាបនៅបាតកាប៉ាល់មុជទឹក ហើយមិនធ្វើឱ្យមានជ្រេះផងដែរ៕