(កំពង់ស្ពឺ)៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងខំប្រឹងប្រែងបន្តទៀត ដែលកំណត់សកម្មភាពអាទិភាព ដើម្បីជួយអភិវឌ្ឍន៍ឲ្យកម្ពុជាក្លាយ ជាប្រទេសអធិរាជស្វាយចន្ទីទាំងទិន្នផល និងគុណភាព។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការ «ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយមានការចូលរួមពី លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងលោក សំអឿន សុបញ្ញា អភិបាលស្រុកបរសេដ្ឋ ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើននាក់។
នាឱកាសនោះដែរ លោក អាន តារា បានស្ដែងនូវសេចក្តីរំភើប និងកោតសសើរ ដល់ក្រុមហ៊ុនដែលបានពុះពារគ្រប់ឧបសគ្គ រហូតបានបង្កើតក្រុមហ៊ុន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ ស្វាយចន្ទី សម្រាប់ចូលរួមចំណែក្នុងការអនុវត្ត គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ មានគោលបំណង ប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទី។
បន្ថែមពីនេះ លោក អាន តារា បានបញ្ជាក់ថា សូមប្តេជ្ញាចិត្តខ្ពស់ថា នឹងខំប្រឹងប្រែងបន្តទៀត ដែលកំណត់សកម្មភាពអាទិភាព មួយចំនួនរួមមាន៖
*១៖ បន្តសហការយ៉ាងស្អិតល្មួតជាមួយក្រសួង-ស្ថាប័នដែលពាក់ព័ន្ធនិងស្វាយចន្ទី ដើម្បីជួយអភិវឌ្ឍន៍ឲ្យកម្ពុជាក្លាយ ជាប្រទេសអធិរាជស្វាយចន្ទីទាំងទិន្នផល និងគុណភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមគ្នាជួយជំរុញការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីខ្មែរ ដើម្បីឆ្លើយតប គោលនយោបាយជាតិស្តីពីស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។
*២៖ ពង្រឹងការសហការជាមួយវិស័យសាធារណៈ ឯកជន ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគថ្មីៗ និងបន្តជួយក្រុមហ៊ុនវិនិយោគដែលមានស្រាប់ ឲ្យកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរប្រកបដោយគុណភាព មានលក្ខ ណៈស្តង់ដា បរិមាណផ្គត់ផ្គង់គ្រាប់ និងមានលក្ខណៈប្រកួតប្រជែងជាមួយប្រទេសកែច្នៃស្វាយចន្ទីផ្សេងៗ ទៀត។
*៣៖ បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្ថាប័នហិរិញ្ញវត្ថុជាតិ-អន្តរជាតិ ដោយរួមគ្នាជាឆ្លង់មួយដើម្បី បង្កើនទុនបង្វិលសម្រាប់ទិញគ្រាប់ចន្ទីពីកសិកររបស់ ក្រុមហ៊ុនកែច្នៃនាំចេញ រិះរកយន្តការសំខាន់ៗក្នុងការកាត់ បន្ថយថ្លៃដើមនៃការផលិតកែច្នៃ និងលើកកម្ពស់ចំណុចសក្តានុពលរបស់ស្វាយចន្ទីខ្មែរ ឲ្យមានការប្រកួតប្រជែង ប្រកបដោយជោគជ័យ រយៈពេលវែងនៅលើទីផ្សារពិភលោក។
លោក ទ្រី វ៉េង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន ព្រមទាំងគ្រឿងបន្លាស់កែឆ្នៃគ្រាប់ស្វាយចន្ទី ប្រកបដោយគុណភាព មកកាន់ទីផ្សារកម្ពុជា បានលើកឡើងថា នៅកម្ពុជានៅមានកង្វះខាតមិនទាន់មានបច្ចេកវិទ្យាកែឆ្នៃទូលំទូលាយសម្រាប់វិស័យចន្ទីកម្ពុជា។ លោកថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ មានគោលបំណងប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទីដ៏សំខាន់មួយនេះ សម្រាប់បម្រើតម្រូវទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក។ លោកបានបន្ថែមទៀតថា ចក្ខុវិស័យនេះជំរុញយើងឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងធានានូវការប្រកាន់ខ្ជាប់នូវ ស្តង់ដារបច្ចេកទេសកែឆ្នៃ បទដ្ឋានសុវត្ថិភាព ចំណីអាហារ និងស្របតាមរបត់ទីផ្សារ ដែលជាតម្រូវការសកលផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន បានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដែលដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕