(សៀមរាប)៖ នាខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងដំឡើងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិចំនួន៦ស្ថានីយ នៅរមណីយដ្ឋានអង្គរ ដោយសហការជាមួយសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង។

កិច្ចសហការនេះធ្វើឡើងក្នុងឱកាសលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយ លោក Jean-Michel Bordes អគ្គនាយក SIAVB និងលោក Jacques Bellier ប្រធានសមាគម AGERA និងមន្រ្តីបច្ចេកទេសរបស់ស្ថាប័នផ្សេងៗ នៃគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង។

សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមការសម្ពោធសាកល្បងនៃស្ថានីយនេះ នៅទីស្នាក់ការ SIAVB។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងពេលនេះ ស្ថានីយដែលបានដំឡើងសាកល្បងនៅ SIAVB នាពេលនោះ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។

អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB) ក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕